អង្គការសុខភាពពិភពលោក WHO ព្រមានថា ការរាលដាលវីរុសនៅចិនថ្មី អាចទៅរួច បើទោះជាការចម្លងនៅមានកម្រិត
ស្វីស៖ អង្គការសុខភាពពិភពលោក WHO បានព្រមានថា បើទោះបីមានការប៉ាន់ស្មានថា ការចម្លងពីមនុស្សទៅមនុស្សនៃវីរុសប្រភេទថ្មី កូរ៉ូណាវីរុស មានកម្រិតក៏ដោយក្តី ប៉ុន្តែវានៅតែអាចទៅរួចដែលថា វីរុសនេះ អាចផ្ទុះរាលដាលកាន់តែធំ ។
នៅក្នុងសន្និសីទព័ត៌មានមួយក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស អ្នកស្រី Maria Van Kerkhove ប្រធានផ្នែកជំងឺកើតថ្មីរបស់អង្គការសុខភាពពិភពលោក បាននិយាយថា ផ្អែកតាមព័ត៌មានដែលយើងមានក្នុងដៃ វាមានលទ្ធភាពដែលថា វាមានកម្រិតក្នុងការចម្លងវីរុសនេះពីមនុស្សទៅមនុស្ស ដែលលទ្ធភាពខ្ពស់បំផុត ក្នុងចំណោមគ្រួសារអ្នកជំងឺផ្ទាល់ ក៏ប៉ុន្តែពេលនេះ វាច្បាស់ណាស់ថា យើងមិនមានករណីឆ្លងពីមនុស្សទៅមនុស្សទេ ។ រ៉ូណាវីរុស គឺជាអំបូរនៃវីរុសធំមួយ ដែលអាចបង្កឲ្យអ្នកជំងឺមានអការៈក្តៅខ្លួន ផ្តាសាយ និងឈឺក្បាលជាដើម ។ បើទោះ បីជាអាការៈនៃជំងឺនេះមានលក្ខណៈសាមញ្ញពិតមែន ប៉ុន្តែអ្នកជំងឺអាចប្រឈមនឹងការស្លាប់ កាលណាវីរុសនេះ បំផ្លាញប្រព័ន្ធផ្លូវដង្ហើម ។
សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះ ជំងឺពាក់ព័ន្ធប្រព័ន្ធផ្លូវដង្ហើម (pneumonia)ចំនួន៤១ករណី ត្រូវបានរាយការណ៍ក្នុងទីក្រុងវូហាន ភាគកណ្ដាល ប្រទេសចិន ។ ការធ្វើតេស្តបឋមនៅមន្ទីរពិសោធន៍វេជ្ជសាស្ត្រ ដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរកឃើញថា ករណីនេះ អាចបង្កឡើងដោយក៉ូរូណាវីរុសប្រភេទថ្មី ខណៈអ្នកជំងឺម្នាក់ត្រូវបានរាយការណ៍ថាបាត់បង់ជីវិត ៕ធ.ដ