កម្ពុជា ចូលរួមការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ នៅប្រទេសព្រុយណេ
ព្រុយណេ៖ ព្រះអង្គម្ចាស់ Hagi Hassanal Bolkiah Mu’izzaddin Waddaulah នៃប្រទេសប្រ៊ុយណេ និងជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ យាងចូលរួមជាអធិបតីភាពក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ាន២០២០ (ASEAN Tourism Forum 2020) ដោយមានវត្តមានរដ្ឋមន្ត្រីទេសចរណ៍ និងប្រតិភូប្រទេសសមាជិកអាស៊ាន បូកចិន ជប៉ុន កូរ៉េ និងអ្នកចូលរួមមកពីផ្នែករដ្ឋ ឯកជននិងអ្នកសារព័ត៌មានប្រមាណជាង១០០០នាក់។ ពិធីបើកបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវគេហទំព័រទេសចរណ៍អាស៊ានថ្មី VisitSEAsia.travel ក្នុងគោលបំណងទាក់ទាញទេសចរ ក៏ដូចជាបង្ហាញពីផលិតផលទេសចរណ៍អាស៊ានថ្មីៗ ក្នុងតំបន់អាស៊ានទាំងមូលឲ្យបានកាន់តែប្រសើរឡើងថែមទៀត។
ក្រសួងទេសចរណ៍កម្ពុជា សហករជាមួយក្រសួងវប្បធម៌វិចិត្រសិល្បៈ និងជាមួយផ្នែកឯកជនចូលរួមការតាំងពិព័រណ៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២០ (Travex 2020) នាឱកាសនៃវេទិកាទេសចរណ៍២០២០ នៅប្រទេសព្រុយណេ។ ការតាំងពិព័រណ៍ទេសចរណ៍អាស៊ាននេះរៀបចំឡើងជារៀងរាល់ឆ្នាំ ស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
លើកនេះមានបតំណាងក្រុមហ៊ុននិងប្រតិបត្តិករ នៃអាស៊ាន និងអន្តរជាតិ ចូលរួមសរុបប្រមាណ១០០០នាក់ ក្នុងនោះមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចំនួន១០០ ស្តង់ពិព័រណ៍ (Booths) ២៥០ និងអ្នកលក់ (Sellers) ចំនួន២៥០ក្រុមហ៊ុន និងអ្នកទិញ (Buyers) ចំនួន១៥០ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយ និងបង្កើតទំនាក់ទំនងធុរកិច្ច។ ជាមួយគ្នានេះដែរ កម្ពុជាមានការចូលរួមពីក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ចំនួន ០៣ក្រុមហ៊ុន និងសណ្ឋាគារ១៕