រដ្ឋាភិបាលវ៉េណេស៊ុយអេឡាព្យួរការចរចានយោបាយជាមួយក្រុមប្រឆាំង

​ការ៉ាកាស៖ ​​វ៉េណេស៊ុយអេឡា​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ខ្លួន​នឹង​ផ្អាក​ការ​ចរចា​ជាមួយ​ក្រុម​ប្រឆាំង​ដែល​គ្រោង​នឹង​បន្ត​នៅ​ចុង​សប្តាហ៍​នេះ ​បន្ទាប់​ពី​ប្រេសិត​របស់​ខ្លួន​ដែល​ជា​អ្នក​ជំនួញ​ជន​ជាតិ​កូឡុំប៊ី​លោក ​Alex Saab ត្រូ​វ​បាន​ធ្វើ​បត្យាប័ន​ពី​ប្រទេស​កាប់វែរ​ទៅ​សហរដ្ឋ​អាមេរិក​ពី​បទ​លាង​លុយ​កខ្វក់​។​

​សមាជិក​សភា​មក​ពី​គណបក្ស​សង្គម​និយម​លោក​ Jorge ​Rodriguez ​ដែល​ជា​ប្រធាន​ក្រុម​ចរចា​របស់​រដ្ឋា​ភិបាល​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​៖​ «​គណៈ​ប្រតិភូ​របស់​យើង​សូម​ប្រកាស​ថា​ ខ្លួន​កំពុង​ផ្អាក​ការ​ចូល​រួម​​ការ​ចរចា​ និង​ការ​សន្ទនា​ ដូច្នេះ​យើង​នឹង​មិន​ចូល​រួម​ក្នុង​ជុំ​នៃ​ការ​ចរចា​ដែល​នឹង​ចាប់​ផ្តើម​នៅ​អាទិត្យ​ទី​ ១៧​ ខែ​តុលា​នៅ​ទីក្រុង​ម៉ិកស៊ិក​នោះ​ទេ​ ដើម្បី​ជា​ការ​បង្ហាញ​ពី​ការ​តវ៉ា​ដ៏​ស៊ី​ជម្រៅ​របស់​យើង​ប្រឆាំង​នឹង​ការ​​ប្រឆាំង​​ប្រតិភូ​របស់​យើង​គឺ​លោក​ Alex ​Saab​ Moran​»​។​

មេ​ដឹក​នាំគ​ណបក្ស​ប្រឆាំង​លោក​ Juan Guaido ​​ថ្កោល​ទោស​ការ​សម្រេច​ចិត្ត​នេះ​ដោយ​សរសេរ​លើ​បណ្តាញ​សង្គម​ធ្វីតធឺ​ថា​៖​ «​ជាមួយ​នឹង​ការ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ផ្អាក​ជំនួយ​របស់​ខ្លួន​នៅ​​ម៉ិកស៊ិក​ ពួកគេ​​គេច​ចេញ​ពីកា​រ​យក​ចិត្ត​ទុក​ដាក់​ជា​បន្ទាន់​សម្រាប់​ប្រទេស​ដែល​បច្ចុប្បន្ន​នេះ​​រង​នូវ​ភាព​ក្រីក្រ​យ៉ាង​ខ្លាំង​រហូត​ដល់​ ៧៦,៦ ​ភាគ​រយ​»​​។​

កាល​ពី​ខែ​កញ្ញា​ រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​ដាក់​នាម​ឱ្យ​លោក​ ​Saab ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​ ២០២០ ​​នៅ​ប្រទេស​កាប់វែរ​ ថា​ជា​សមាជិក​នៃ​ក្រុម​ចរចា​របស់​ខ្លួន​ក្នុង​កិច្ចចរចា​ជាមួយ​ក្រុម​ប្រឆាំង​នៅ​ម៉ិកស៊ិក​ ​ជា​កន្លែង​ដែល​ភាគី​ទាំងពីរ​កំពុង​ស្វែងរក​ដំណោះ​ស្រាយ​វិបត្តិ​នយោបាយ​របស់​ខ្លួន​។​

​​តុលាការ​អាមេរិក​​ចោទ​​ប្រកាន់​ Saab ​កាល​ពី​​ឆ្នាំ​ ២០១៩ ​ពាក់​ព័ន្ធ​នឹង​គម្រោង​សូក​ប៉ាន់​ដើម្បី​ទាញ​យក​ផល​ប្រយោជន៍​ពី​អត្រា​ប្តូរ​ប្រាក់​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​របស់​វ៉េណេស៊ុយអេឡា​។​ ​សហរដ្ឋ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​លោក​ ចំពោះ​ការ​ចោទ​ប្រកាន់​ថា​បាន​រៀបចំ​បណ្តាញ​អំពើ​ពុក​រលួយ​ ដែល​អនុញ្ញាត​ឱ្យ​លោក​ និង​លោក​ប្រធានា​ធិបតី​ Nicolás Maduro Maduro ​ទទួល​​ប្រាក់​ចំណេញ​ពី​កម្មវិធី​ឧបត្ថម្ភធន​ស្បៀង​អាហារ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​។​

​មេធាវី​របស់​លោក ​Saab ​ហៅ​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​ថា​ជា​រឿង​នយោបាយ​ ខណៈ​ដែល​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដដែល​ថា​ ​ជា​សកម្មភាព​ដ៏​ធ្ងន់​ធ្ងរ​ និង​ថា​ការ​ធ្វើ​បត្យាប័ន​របស់​អាមេរិក​គឺ​ជា​សកម្មភាព​នៃ​​ការ​ចាប់​ពង្រត់​។​ មក​ទល់​ពេល​នេះ​ មិន​ទាន់​មាន​ប្រតិកម្ម​យ៉ាង​ណា​ពី​រដ្ឋាភិបាល​អាមេរិក​ និង​​ប្រទេស​កាប់វែរ​ដែល​ប្រកាស​ពីកា​រ​ធ្វើប​ត្យាប័ន​កាល​ពី​សៅរ៍​នោះ​ទេ​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner