អាមេរិកគ្រោងផ្ដល់ជូនសំណង និងការផ្លាស់ប្ដូរទីលំនៅដល់គ្រួសារអាហ្វហ្គានីស្ថានដែលត្រូវបានសម្លាប់ដោយយល់ច្រឡំ
ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានគ្រោងផ្ដល់ជូនសំណង និងការផ្លាស់ប្ដូរទីលំនៅដល់ក្រុមគ្រួសាររបស់ជនស៊ីវិល ១០ រូប ដែលត្រូវបានសម្លាប់ដោយយល់ច្រឡំក្នុងការវាយប្រហារតាមយន្តហោះគ្មានមនុស្សបើក (ដ្រូន) នៅកំឡុងពេលប៉ុន្មានថ្ងៃចុងក្រោយនៃបេសកកម្មដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានកាលពីខែសីហា។
ដើមឡើយក្រសួងការពារជាតិអាមេរិក បាននិយាយថាការវាយប្រហារដោយយន្តហោះដ្រូន កាលពីថ្ងៃ ២៩ សីហា គឺបានកម្ទេចរថយន្ត និងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតនៃក្រុម ISIS-K ដែលកាលពីបីថ្ងៃមុនបានវាយប្រហារអាកាសយានដ្ឋានក្រុងកាប៊ុល សម្លាប់ទាហានអាមេរិក ១៣ នាក់ និងជនស៊ីវិលជាច្រើនទៀត។
ប៉ុន្តែភ្លាមៗបន្ទាប់ពីការឡើកលើងរបស់អាមេរិក សារព័ត៌មានជាច្រើនបានរាយការណ៍ថាការវាយប្រហារនេះបានសម្លាប់ជនស៊ីវិលចំនួន ១០ នាក់ ក្នុងនោះមានកុមារ ៧ នាក់ ហើយគោលដៅរថយន្តនោះគឺមិនមានសមាជិកក្រុមភេរវកម្មនោះទេ។ អាមេរិកបានទទួលស្គាល់ថាការវាយប្រហារនេះគឺជា «កំហុសសោកនាដកម្ម»។
ការសម្លាប់ជនស៊ីវិលក៏បានធ្វើឱ្យមានសំនួរអំពីអនាគតនៃបេសកកម្មរបស់អាមេរិកដើម្បីប្រយុទ្ធប្រឆាំងអំពើភេរវកម្មនៅប្រទេសអាហ្វហ្គានីស្ថាន៕



ប្រភព៖ Reuters