ស្ទះចរាចរណ៌ផ្លូវជាតិលេខ៥ ជាច្រើនម៉ោង ក្នុងឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ដោយ សាររោងចក្រស្បែកជើងសាងសង់លូរំដោះទឹកតូចពេកមិនអាចហូររំដោះទឹកបាន ទាន់ពេលវេលា

ខេត្តកំពង់ឆ្នាំង ៖ កំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៤៦ និង ៤៧ ត្រង់ចំណុចរោងចក្រស្បែក ជើង (ខែនស្ព័តស៊ូ) ក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ បានរងការជន់លិច និងបណ្តាលឱ្យស្ទះចរាចរណ៍ជាច្រើនម៉ោង ដោយសារជំនន់ទឹកភ្លៀងធ្លាក់មកពីលើខ្លាំងពេក គួបផ្សំ នឹងការដាក់លូរបស់រោងចក្រតូចៗ មិនគ្រប់គ្រាន់និងមុខទឹកហូរកាត់ផងនោះ ទើបបណ្ដាលឲ្យជន់លិចបែបនេះ។ នៅវេលាម៉ោងប្រមាណជាង៩ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ចរាចរណ៍បានសម្រួលឡើងវិញហើយបន្ទាប់ពីមានការអន្តរាគមន៍ពីកងកម្លាំងនគរបាលស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

លោក សេង ចិន្តា អធិការនគរបាល ស្រុកសាមគ្គីមានជ័យ បានបញ្ជាក់ថា៖ យប់មិញភ្លៀងខ្លាំងទឹកធ្លាក់មកពីផ្នែកខាងលើខ្លាំងពេក ហូរធ្លាក់មកតាមប្រឡាយ រ៉បតាមបណ្តោយផ្លូវជាតិលេខ5 ហើយដោយសារតែស្ថានភាពខាងរោងចក្រដាក់លូតូចៗពេកទើបបណ្ដាលឲ្យស្ទះលិចលើផ្លូវចូលរោងចក្រផង និងហូរកាត់លើផ្លូវជាតិលេខ៥ជាច្រើនម៉ែត្រ ទើបធ្វើឲ្យស្ទះចរាចរណ៍ ជាច្រើនម៉ោងមិនអាចធ្វើដំណើរបាន ។

លោកអធិការបានបន្តថា ក្រោយមកកម្លាំងនគរបាលស្រុកសាមគ្គីមានជ័យ សហការជាមួយអធិការនគរបាលស្រុកកំពង់ត្រឡាច ដែលមានព្រំប្រទល់ជាប់គ្នា និងកម្លាំងស្នងដ្ឋាននគរបាលខេត្ត នាំគ្នាជួយសម្រួលចរាចរណ៍ ព្រមទាំងយកគ្រឿងចក្រកាយបង្ហូរទឹកទម្លាក់ចុះក្រោម ទើបស្ថានភាពផ្លូវបានប្រសើរឡើងវិញ ។ ប៉ុន្តែមុនឈានដល់ការសម្រួលបែបនេះគឺមានការស្ទះចរាចរណ៍ទាំងអ្នកធ្វើដំណើរ តាមផ្លូវជាតិ ទាំងកម្មកររាប់ពាន់នាក់ និងរថយន្តរាប់រយគ្រឿង ព្រោះតែមិនអាចចូលទៅរោងចក្របាន ម្លោះហើយទើបបណ្តាលឱ្យស្ទះត្រង់ច្រកចូលរោងចក្រតែម្តង ។

លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា ពាក់ព័ន្ឋដល់រឿងលូបង្ហូររំដោះទឹកតាមផ្លូចជាតិ ដែលខាងរោងចក្រដាក់មិនតាមស្តង់ដានេះ មិនពាក់ព័ន្ឋដល់មន្ទីរលោកឡើយ គឺខាងក្រុមហ៊ុនជប៉ុនដែលកំពុងស្ថាបនាផ្លូវជាតិលេខ៥ ។ រីឯខាងក្រុមហ៊ុនជប៉ុនបានទៅសម្របសម្រួលជាមួយខាងរោងចក្រឲ្យដាក់លូធំឡើងវិញហើយ ដើម្បីធានាដល់មុខទឹកហូរឆ្លងកាត់ទាន់ពេលវេលា ។

អាជ្ញាធរឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវក្នុងភូមិចំនួន ៦ សូមមានការប្រុងប្រយ័ត្នដោយសារជំនន់ទឹកភ្លៀងហូរកាត់ពីផ្នែកខាងលើមក រួមមាន
១.ភូមិចម្ការស្វាយទឹកហូរលិចផ្លូវ ១០កន្លែងប្រវែង ១១០ ម៉ែត្រ។
២.ភូមិវត្តសេដ្ឋីទឹកហូរលិចផ្លូវ ៤កន្លែងមានប្រវែង ១២៥ ម៉ែត្រ។
៣ .ភូមិក្រាំងសៀមទឹកហូរកាត់ផ្លូវ ២កន្លែងប្រវែង ៨០ ម៉ែត្រ។
៤ .ភូមិអង្គងទឹកហូរកាត់ផ្លូវ ១កន្លែងមានប្រវែង ៦០ ម៉ែត្រ។
៥.ភូមិពារាជ្យទឹកហូរកាត់ផ្លូវ ១កន្លែងមានប្រវែង ៥០ម៉ែត្រ។
៦.ភូមិខ្នាចទឹកហូរកាត់ផ្លូវលិចផ្លូវ ១កន្លែងមានប្រវែង ៥៦ម៉ែត្រ។
៧ .ទឹកជំនន់ទឹកភ្លៀងហូរកាត់ផ្លូវប្រវែងប្រហែល ២០០ម៉ែត្រខាងត្បូងវត្តប្រជុំខ្ពស់មកភូមិទួលពង្រធ្វើឱ្យច្រោះផ្លូវផងដែរ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner