កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅមន្ទីបរស្ថានខេត្តមណ្ឌលគិរី

អត្ថបទដោយ៖
Kien Sereyvuth

មណ្ឌលគិរី៖   ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ឈឹម កាន អភិបាលរងខេត្ត កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុកទាំង០៥ អង្គការដៃគូពាក់ព័ននានា ចូលរួមផងដែរ។
លោក ឈឹម កាន បានបញ្ជាក់ថា ពិធីបូកសរុបលទ្ធផលនាពេលនេះ ដើម្បីដឹងអំពីចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណើដំណោះស្រាយ និងទិសដៅអនុវត្តបន្ត ក្នុងការរួមសហការគ្នា ស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលបានកើតមានឡើង និងទទួលបានអនុសាសន៍ល្អៗ ដើម្បីឈានទៅសម្រេចនូវនូវជោគជ័យធំៗបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងខេត្ត។ លោក បានណែនាំដល់មន្រ្តី នៃមន្ទីរបរិស្ថាន ត្រូវសហការគ្នា ក្នុងការទប់ស្កាត់ និងការអភិរក្សធនធានធម្មជាតិ សំដៅការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍន៍របស់ខេត្តមណ្ឌលគិរី ឱ្យមានការរីកចម្រើន។
ឯកឧត្តម រ័ត្ន វិរៈ បានស្នើដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ត្រូវរក្សាសាមគ្គីភាព និងបន្តខិតខំបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនឱ្យស័ក្តិសមជាមន្រ្តីបម្រើរាស្រ្ត សំដៅធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រកបដោយសុខុមាលភាព និងអនាម័យបរិស្ថានស្អាត រួមចំណែក ក្នុងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងរួមគ្នាការពារធនធានធម្មជាតិ។ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា សំដៅធានានូវប្រសិទ្ធភាពការងារ ដែលមានសសរស្តំចំនួន ០៥ ទី១. កិច្ចគាំពារបរិស្ថាន ទី២. កិច្ចការពារជីវៈចម្រុះ ទី៣. ការរស់នៅប្រកបដោយចីរភាព ទី៤. រដ្ឋបាលទំនើប និងទី៥. ការអភិរក្សធនធានធម្មជាតិ។
តាមរបាយការណ៍របស់ប្រធានមន្ទីរបរិស្ថានខេត្ត លោក កែវ សុភ៌គ បានឱ្យដឹងថា មន្ទីរបានចងក្រងសំណុំរឿងបទល្មើសធនធានធម្មជាតិ ពីបណ្តាដែនជម្រកសត្វព្រៃនានាចំនួន២០៥ករណី ក្នុងនោះ មានសំណុំរឿងពិន័យអន្តរកាលចំនួន ៧៥ករណី  និងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តចំនួន ១៣០ករណី។ ការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្ត មានចំនួន ២១សហគមន៍ ស្មើនឹងទំហំផ្ទៃដីសរុបចំនួន ៦៣០៧៧ហិកតា ក្នុងនោះប្រជាពលរដ្ឋសរុបចំនួន ១៧៩៥៦នាក់ ស្មើនឹង ៣៤១៤គ្រួសារ និងមានចំនួនភូមិសរុប៤០ភូមិ។ ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច មានចំនួន២១សហគមន៍ ក្នុងនោះដែនជម្រកសត្វព្រៃកែវសីមា ចំនួន១៨សហគមន៍ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ចំនួន០២ និងនៅក្នុងដែនជម្រកសត្វព្រៃស្រែពកចំនួន ១សហគមន៍ផងដែរ៕ ដោយ៖ពលៈ

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner