អាជ្ញាធរខេត្តព្រះសីហនុ រំលឹកជាថ្មីទៀតអោយអ្នកលក់ដូរ និងអាស្រ័យផល លើឆ្នេរអូរឈើទាល(ចំណុចមុខអតីតឆ្នេរអារីស្តុន),ឆ្នេរ អូរត្រេះ ១និងអូរត្រេះ២ត្រូវ រុះរើ ចេញទាំងអស់ដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបៀបរយនិងសោភណ្ឌភាពតាមឆ្នេរ
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន រំលឹក និងស្នើអ្នកលក់ដូរ ឬម្ចាស់តូបទាំងអស់ នៅតាមបណ្តោយឆ្នេរអូរឈើទាល(ចំណុចមុខអតីតឆ្នេរអារីស្តុន),ឆ្នេរ អូរត្រេះ១ និងអូរត្រេះ២ ត្រូវរុះរើចេញទាំងអស់ និងត្រូវចូលរួមសហការជាមួយអាជ្ញាធរដោយរុះរើតូបទាំងនោះចេញដោយខ្លួនឯង។ ក្នុងករណីមិនគោរពតាមសេចក្តីជូនដំនឹងនេះ អាជ្ញាធរនឹងចុះរុះរើនិងមិនទទួលខុសត្រូវលើការខូចខាតឡើយ។
តាមតួលេខបឋមបង្ហាញថា នៅចំណុច អូរត្រេះ នេះ មានចំនួន៦២តូប បាននឹងកំពុងប្រកបរបរលក់ដូរផ្សេងៗ(សេវាកម្មទេសចរណ៍)ជាច្រើនឆ្នាំមកហើយដែរ។ដោយឡែកតូបលក់ដូរនៅឆ្នេរអូរត្រេះ១ និងឆ្នេរអូរត្រេះ២ នឹងត្រូវចុះរុះរើឈូសឆាយសំអាតដោយមិនអនុញ្ញាតអោយលក់ដូរទៀតឡើយ។ អាជ្ញាធរត្រូវការកែលម្អឆ្នេរទាំងនេះទុកជាប្រយោជន៍សាធារណៈ។
នេះបើយោងតាមការអោយដឹងពីលោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។
គួររំលឹកថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ តូបឬរោងអាជីវករលក់ដូរតាមមាត់ឆ្នេរអូរឈើទាល អតីតឆ្នេរអារិស្តុនចំនួន១២៦តូបត្រូវបានកំលាំងរដ្ឋបាលខេត្ត – ក្រុងព្រះសីហនុ បានដាក់ កងកម្លាំង ជាច្រើននាក់ចុះ ធ្វើការ ឈួសឆាយ ដោយរលូន រួចរាល់ហើយដោយមិនការផ្ទុះហិង្សាអ្វីឡើយ។
តាម សេចក្ដី ជូនដំណឹង របស់ សាលា ខេត្តព្រះសីហនុ លេខ ៤៧៣/០៩ សជណ ចុះថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៩ បានតម្រូវ ឲ្យពលរដ្ឋដែលមានតូបលក់ដូរមិនរៀបរយនៅលើឆ្នេរ អូរឈើទាល(ឆ្នេរអារីស្តុន) និង ឆ្នេរអូរត្រេះ ត្រូវធ្វើការរុះរើ ចេញទាំងអស់ ដើម្បីទុកលទ្ធភាពអោយក្រុមការងារ រៀបចំសណ្តាប់ធ្នាប់និងសោភណ្ឌភាពតាមឆ្នេរឡើងវិញ សម្រាប់សាធារណៈជនទូទៅ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្ត៕ ដោយ៖សាវ៉ុន









