ទឹកជំនន់ និងការរអិលបាក់ដីសម្លាប់មនុស្សជាង ១៥០ នាក់នៅឥណ្ឌា និងនេប៉ាល់
មន្រ្តីឥណ្ឌា និងនេប៉ាល់និយាយថា មនុស្សជាង ១៥០ នាក់ស្លាប់ដោយសារគ្រោះទឹកជំនន់ និងការរអិលបាក់ដីដែលបោកបក់ផ្ដាច់ផ្លូវ និងផ្ទះសម្បែងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយក្នុងប្រទេសទាំងពីរ ខណៈមនុស្សរាប់សិបនាក់ទៀតបាត់ខ្លួន។
មន្រ្តីឥណ្ឌានិយាយថា មនុស្ស ៤៦ នាក់ស្លាប់ក្នុងរដ្ឋ Uttarakhand ភាគខាងជើងប្រទេសនិង ១១ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈនៅរដ្ឋ Kerala ចំនួនអ្នកស្លាប់កើនឡើងដល់ ៣៩ នាក់។ មន្រ្តីបន្តថា ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅរដ្ឋ Uttarakhand រហូតបង្កឱ្យមានការបាក់ដី និងបំផ្លាញសំណង់អស់ជាច្រើនខ្នង។
នាយកដ្ឋានឧតុនិយមឥណ្ឌាព្រមានពីថ្ងៃអង្គារដោយព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងទៅជោគជាំនៅតំបន់ភាគខាងជើង។ ការិយាល័យអាកាសធាតុនិយាយថា តំបន់ជាច្រើនទទួលបានកំណកអាកាសជាង ៤០០ មីល្លីម៉ែត្រកាលពីថ្ងៃច័ន្ទរហូតបណ្តាលឱ្យមានការបាក់ដី និងទឹកជំនន់។ ជាមួយគ្នានោះ អាជ្ញាធរក៏បញ្ជាឱ្យបិទសាលារៀន និងហាមឃាត់រាល់សកម្មភាពសាសនា និងទេសចរណ៍នៅក្នុងរដ្ឋ។
នៅឯប្រទេសនេប៉ាល់វិញ មន្ត្រីនិយាយថា ចំនួនអ្នកស្លាប់បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបីថ្ងៃជាប់គ្នាបង្កការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗនៅតំបន់ភាគខាងកើត និងខាងលិចក្បែរព្រំដែនឥណ្ឌា កើនឡើងដល់ ៧៧ នាក់នៅថ្ងៃពុធ បន្ទាប់ពីក្រុមអ្នកជួយសង្គ្រោះរកឃើញសាកសព ៣៤ នាក់បន្ថែមទៀត។
ការរអិលបាក់ដីតែងកើតមាននៅក្នុងតំបន់ហិមាល័យ ប៉ុន្តែអ្នកជំនាញនិយាយថា គ្រោះធម្មជាតិនេះនឹងកើតមានញឹកញាប់ដោយសារភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា និងការរលាយនៃផ្ទាំងទឹកកក។ អ្នកជំនាញក៏បន្ទោសលើការសាងសង់ទំនប់វារីអគ្គីសនី និងការកាប់បំផ្លាញព្រៃឈើផងដែរ។
កាលពីខែកុម្ភៈ ទឹកជំនន់ដ៏សាហាវនៅជ្រលងភ្នំដាច់ស្រយាលមួយក្នុងរដ្ឋ Uttarakhand សម្លាប់មនុស្សប្រហែល ២០០ នាក់ ហើយក្នុងឆ្នាំ ២០១៣ មនុស្សយ៉ាងហោចណាស់ ៥ ៧០០ នាក់ស្លាប់នៅទីនោះដោយសារទឹកជំនន់ដ៏ប្រល័យដូចគ្នា។

ប្រភព៖ Aljazeera