តុលាការសិង្ហបុរីដាក់ទោសពលរដ្ឋខ្លួនពីបទល្មើសក្លែងវិក្កយបត្រធ្វើពាណិជ្ជកម្មជាមួយកូរ៉េខាងជើង
តុលាការសិង្ហបុរីបានដាក់ទោសលោក Tan Wee Beng អ្នកជំនួញសិង្ហបុរី ដោយផាកពិន័យជាទឹកប្រាក់ប្រមាណ ២១ ០០០ដុល្លារសិង្ហបុរី ឬ ប្រហាក់ប្រហែលនឹង ១៥ ០០០ដុល្លារអាមេរិក ក្រោមបទល្មើសចំនួន ៧ ដែលពាក់ព័ន្ធនឹងការក្លែងបន្លំវិក្កយបត្រនៃការធ្វើពាណិជ្ជកម្មជាមួយបុគ្គល ២រូបនៅប្រទេសកូរ៉េខាងជើង។
លោក Tan គ្រប់គ្រងក្រុមហ៊ុនពាណិជ្ជកម្មទំនិញចំនួន ២គឺ ក្រុមហ៊ុនផ្ទេរទំនិញ Wee Tiong និងក្រុមហ៊ុន Morgan Marcos។ លោកភាគច្រើនលក់ស្ករ ទឹកសណ្ដែក និងអង្ករ ទៅកាន់កូរ៉េខាងជើង ជាង ១០ឆ្នាំ។ លោកឈប់រកស៊ីជាមួយកូរ៉េខាងជើងនៅឆ្នាំ២០១៧ នៅពេលដែលអន្តរជាតិដាក់ទណ្ឌកម្មមិនឱ្យប្រទេសនានារកស៊ីជាមួយប្រទេស មានប្រតិបត្តិអាវុធនុយក្លេអ៊ែរមួយនេះ។
អំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ ធនាគារសិង្ហបុរីចំនួន ២គឺ ធនាគារ OCBC និង UOB បានធ្វើការសាកសួរបញ្ជាក់ពីប្រភពនៃប្រាក់បញ្ញើរបស់លោក។ ដោយបារម្ភខ្លាចធនាគារឈប់រកស៊ីជាមួយខ្លួន ប្រសិនបើគេដឹងថា ក្រុមហ៊ុនទាំងពីរនេះជាប់ពាក់ព័ន្ធនឹងកូរ៉េខាងជើង លោក Tan ក៏សម្រេចចិត្តក្លែងវិក្កយបត្រ ដោយផ្លាស់ប្ដូរទីតាំងកំពង់ផែនានា និងឈ្មោះដែលខ្លួនរកស៊ីជាមួយ។
យ៉ាងណាមិញ បុរសវ័យ ៤៤ឆ្នាំរូបនេះនៅជាប់ ១៣បណ្ដឹងទៀត ដែលនឹងរង់ចាំកាត់ទោសនៅពេលក្រោយ។
បន្ថែមពីនេះទៅទៀត លោក Tan ក៏ស្ថិតក្នុងបញ្ជីតាមចាប់ខ្លួនរបស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់សហរដ្ឋអាមេរិកផងដែរ ក្រោយពេលដែលតុលាការសហព័ន្ធអាមេរិកចេញដីកាកាលពីឆ្នាំ២០១៨។ ខាងអាមេរិកបានចោទប្រកាន់លោកលើរឿងកេងប្រវ័ញ្ច និងលាងលុយពីកូរ៉េខាងជើងទៅកាន់សហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាក្ដី តុលាការសិង្ហបុរីមិនទាន់ពិនិត្យលើករណីនេះទេ៕

ប្រភព៖ CNA