ម៉ាឡេស៊ីរំពឹងទុកថា ឆ្មាំសមុទ្រចិនទំនងជាចូលមកដែនសមុទ្ររបស់ខ្លួនញឹកញាប់ ក្រោយពេលក្រុមហ៊ុនរដ្ឋចាប់ផ្ដើមបូមប្រេង
ម៉ាឡេស៊ីរំពឹងទុកថា នាវារបស់ឆ្មាំសមុទ្រចិនរបស់ចិនទំនងជាចូលមកតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន ដែលនៅក្នុងសមុទ្រចិនខាងត្បូងញឹកញាប់ជាងមុន ក្រោយពេលដែលក្រុមហ៊ុនរដ្ឋម៉ាឡេស៊ី Petronas កំពុងតែអភិវឌ្ឍតំបន់ឧស្ម័នមួយឈ្មោះថា Kasawari ដែលមានចម្ងាយប្រមាណ ២០០គីឡូម៉ែត្រពីរដ្ឋសារ៉ាវ៉ាក់។ នេះបើតាមការលើកឡើងរបស់លោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីកាលពីថ្ងៃពុធ។
ថ្លែងនៅក្នុងវេទិកាសាធារណៈមួយ ដែលរៀបចំដោយសហគមន៍គោលនយោបាយការបរទេសឥណ្ឌូនេស៊ី (FPCI) លោក Abdullah បានលើកឡើងថា «ខ្ញុំគិតថា ដរាបណាក្រុមហ៊ុន Petronas ប្រតិបត្តិការនៅតំបន់ Kasawari យើងរំពឹងទុកថា ចិននឹងមកតំបន់នោះរាងញឹកញាប់ជាងមុនបន្តិចហើយ»។
តំបន់ Kasawari ត្រូវបានរកឃើញថាមានរ៉ែឧស្ម័នកាលពីឆ្នាំ២០១១ ហើយនៅតំបន់នេះ គេរកឃើញថាមានឧស្ម័នប្រមាណ ៨៤ប៊ីលានម៉ែត្រគីប ហើយអាចនឹងបង្ហូរចេញបាននៅឆ្នាំ២០២៣ ដែលរំពឹងថានឹងផលិតបាន ២៥លានម៉ែត្រក្នុងមួយថ្ងៃ។
«យើងតែងតែធ្វើការតវ៉ាទៅកាន់ភាគីចិន។ ខ្ញុំចាំលែងអស់ហើយពីចំនួនដែលយើងបញ្ជូនកំណត់ហេតុការទូតទៅកាន់ចិន។ យើងនឹងត្រៀមខ្លួនជានិច្ច ហើយបន្តឆ្លើយតបទៅពួកគេប្រកបដោយភាពការទូត»។ នេះជាការលើកឡើងបន្តរបស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។
ពាក់ព័ន្ធនឹងភាពចម្រូងចម្រាស់នៅសមុទ្រចិនខាងត្បូងនេះដែរ ម៉ាឡេស៊ីបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសខ្លួនចំនួន ២ដងហើយនៅឆ្នាំ២០២១នេះ ដោយលើកទី១ នៅខែមិថុនា និងលើកទី២ នៅខែតុលា។
ការកោះហៅទាំងពីរលើកនេះធ្វើឡើងបន្ទាប់ពីខាងម៉ាឡេស៊ីប្រទះឃើញវត្តមានយន្តហោះចម្បាំងរបស់ចិនហោះចូលដែនអាកាស ក៏ដូចជាវត្តមាននាវា និងទូកឆ្មាំសមុទ្ររបស់ចិនហែលឆ្លងចូលទៅក្នុងដែនសមុទ្រនៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។
នៅពេលក្រសួងការបរទេសម៉ាឡេស៊ីកោះហៅឯកអគ្គរដ្ឋទូតរបស់ចិន ខាងស្ថានទូតចិននៅម៉ាឡេស៊ីមិនបានចេញសេចក្ដីថ្លែងការណ៍ណាមួយជាសាធារណៈទេ។
យ៉ាងណាមិញ អំឡុងពេលដែលមានយន្តហោះចម្បាំងរបស់ចិន ត្រូវបានចោទថាហោះចូលដែនអាកាសម៉ាឡេស៊ីកាលពីខែមិថុនា ខាងក្រសួងការបរទេសចិនបានឆ្លើយតបថា យន្តហោះទាំងនោះគ្រាន់តែប្រតិបត្តិការបេសកកម្មហ្វឹកហាត់ជាទម្លាប់ប៉ុណ្ណោះ ហើយមិនបានចូលក្នុងដែនអធិបតេយ្យរបស់ប្រទេសណាទេ។
ទោះបីជារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីរំពឹងថានឹងមានវត្តមានរបស់នាវាឆ្មាំសមុទ្រចិនចូលមកញឹកញាប់ ក៏អ្នកនយោបាយដែលជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយថា លោកក៏បានប្រាប់នាយកប្រតិបត្តិក្រុមហ៊ុន Petronas ថា ខាងក្រុមហ៊ុនរដ្ឋនេះមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការបន្តជីកកកាយរុករកឧស្ម័ននៅតំបន់នោះ ខណៈគម្រោង Kasawari ស្ថិតក្នុងដែនអធិបតេយ្យរបស់ម៉ាឡេស៊ី។
តំបន់សមុទ្រចិនខាងត្បូងជាតំបន់ចម្រូងចម្រាស និងជាប្រធានបទដ៏រសើបមួយសម្រាប់កិច្ចពិភាក្សាថ្នាក់តំបន់នានា។ ប្រទេសចំនួន ៦ ដែលរួមមាន ប្រ៊ុយណេ ចិន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម បានអះអាងថាខ្លួនមានចំណែករៀងៗខ្លួននៅសមុទ្រនេះ។
ក្រៅពីភាពមិនចុះសម្រុងគ្នានៅតំបន់សមុទ្រចិនខាងត្បូង លោក Abdullah យល់ថា ទំនាក់ទំនងរវាងចិន និងម៉ាឡេស៊ីក្នុងទិដ្ឋភាពទូទៅមានលក្ខណៈល្អប្រសើរជាងមុន។
ចិនជាប្រភពវិនិយោគដ៏ធំជាងគេនៅប្រទេសម៉ាឡេស៊ីចាប់ពីឆ្នាំ២០១៦មក ខណៈនៅឆ្នាំ២០២០ ម៉ាឡេស៊ីទទួលបានការវិនិយោគពីចិនប្រមាណ ៤,៤ប៊ីលានដុល្លារ។ បន្ថែមពីទំហំនៃការវិនិយោគ ចិនក៏ជាដៃគូពាណិជ្ជកម្មលេខ ១របស់ម៉ាឡេស៊ីដែរចាប់ពីឆ្នាំ២០០៩ ដោយនៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មជាមួយចិនស្មើនឹង ១៨,៦% នៃពាណិជ្ជកម្មសរុបរបស់ម៉ាឡេស៊ី៕

ប្រភព៖ SCMP