ចាប់រថយន្តដឹកខ្សាច់ធន់ធំ៣គ្រឿងដែលល្មើសការណែនាំរបស់អាជ្ញាធរខណ្ឌ និងរាជធានី
ភ្នំពេញៈ រថយន្តដឹកខ្សាច់ធន់ធំ៣គ្រឿងដែលធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងបំពានម៉ោងពេលធ្វើចរាចរ ត្រូវបានលោកចេង មុនីរ៉ា អភិបាលខណ្ឌ ច្បារអំពៅ ណែនាំអោយក្រុមការងារចុះចាប់ជាបន្ទាន់យកមករក្សាទុកបណ្តោះអាសន្នរងចាំការសម្រេចពីសាលារាជធានីភ្នំពេញ ។
យុទ្ធនាការនេះបានធ្វើឡើងនៅវេលាម៉ោង៨,៤០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ នៅគ្រាដែលរថយន្តដឹកខ្សាច់ទាំង៣គ្រឿងបើកបរបំរុងឆ្លងស្ពានព្រះមុនីវង្សចូលមកក្នុងរាជធានីភ្នំពេញ ។
លោកគុយ គឹមហៀង ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន និង
សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ខណ្ឌបានប្រាប់ថា ករណីចាប់រថយន្តដឹកខ្សាច់នេះធ្វើឡើងបន្ទាប់ពីអ្នកបើកបររថយន្តទាំង៣គ្រឿងបានបើកបរបំពានបំរាមហាមឃាត់របស់សាលារាជធានីភ្នំពេញនិងសាលាខណ្ឌច្បារអំពៅ មិនអោយរថយន្តដឹកដី ដឹកខ្សាច់ធន់ធំ បើកឆ្លងកាត់ ស្ពានព្រះមុនីវង្ស ។ ដោយសារតែមិនអនុវត្តតាមការណែនាំនេះហើយទើបអាជ្ញាធរខណ្ឌច្បារអំពៅចាត់វិធានការចាប់រថយន្តដឹកខ្សាច់មករក្សាទុកបណ្តោះអាសន្នដើម្បីជាការព្រមានដល់ម្ចាស់រថយន្ត ។ ចំពោះចំណាត់ការបន្ត យ៉ាងណានោះរង់ចាំការសម្រេចរបស់ សាលារាជធានីភ្នំពេញនិងការសម្រេចរបស់លោកអភិបាលខណ្ឌច្បារអំពៅ ថាតើត្រូវរក្សាទុកប៉ុន្មានថ្ងៃ ផាកពិន័យឬមួយអោយម្ចាស់រថយន្តធ្វើកិច្ចសន្យា ៕
សណ្តោស-ប៊ុនធី