គណៈរដ្ឋមន្រ្តី អនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០
យោងតាមសេចក្តីព្រាងច្បាប់នេះ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាមានកំណើនអវិជ្ជមាន -៣,១% ដោយសារឥទ្ធិពលនៃវិបត្តជំងឺកូវីដ-១៩ ដែលបានបណ្ដាលឱ្យវិស័យជំរុញកំណើនសំខាន់ៗ ទួទលរកផលប៉ះពាល់គួរឱ្យកត់សម្គាល់ ក្នុងនោះរួមមាន អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន អនុវិស័យកាតដេរ អនុវិស័យលក់ដុំ លក់រាយ អនុវិស័យសំណង់ និងអចលនទ្រព្យ និងអនុវិស័យដឹកជញ្ជូន។ ដោយឡែក វិស័យកសិកម្មត្រូវបានវាយតម្លៃថា សម្រេចបានកំណើនវិជ្ជមាន ប៉ុន្តែស្ថិតក្នុងអត្រាទាបក្នុងរង្វង់ ០,៥% ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅរក្សាបានកំណើនល្អប្រសើរ។ ឈរលើមូលដ្ឋាននេះ ផ.ស.ស. ថ្លៃបច្ចុប្បន្នសម្រាប់ឆ្នាំ២០២០ សម្រេចបានចំនួន ១០៩ ០៦២ ប៊ីលានរៀល ជាហេតុធ្វើឱ្យ ផ.ស.ស. សម្រាប់មនុស្សម្នាក់ ធា្លក់ចុះមកនៅត្រឹម ១ ៦៥៣ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ ពី ១ ៧០០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩។ ទន្ទឹមនេះអតិផរណាមធ្យមបានកើនឡើងក្នុងអត្រា ២,៩% ក្នុងឆ្នាំ២០២០ ពីអត្រា ១,៨% ក្នុងឆ្នាំ២០១៩ ស្របពេលដែលអត្រាប្ដូរប្រាក់ស្ថិតក្នុងកម្រិត ៤ ០៨០រៀល ក្នុងមួយដុល្លារអាមេរិក។
ក្នុងឆ្នាំ២០២០ ចំណូលថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) ឆ្នាំ២០២០ អនុវត្តបានចំនួន ៣១ ៧៧០ ០៨២,៩ លានរៀល ស្មើនឹង ២៩,១% នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ ៦,៣% ដោយក្នុងនោះ ចំណូលក្នុងប្រទេស អនុវត្តបានចំនួន ២៣ ៩២១ ៩៤៨,៣ លានរៀល ស្មើនឹង២១,៩% នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ ៩,៧% និងចំណូលមូលធនក្រៅប្រទេស អនុវត្តបានចំនួន ៦ ៨៩៤ ១៣៩,៦ លានរៀល ស្មើនឹង ៦,៣% នៃ ផ.ស.ស. គឺខ្ពស់ជាងច្បាប់ហិរញ្ញវត្ថុ ៩,៤%។
ចំណាយថវិការដ្ឋ(ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ ) អនុវត្តបានចំនួន៣២ ៧៣២ ៥២៦,៤ លានរៀល ស្មើនឹង៣០%នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ៤,៤% ក្នុងនោះ ចំណាយចរន្តថវិការដ្ឋ (ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ) អនុវត្តបានចំនួន ១៩ ២៦៩ ៩៧៦,៦លានរៀល ស្មើនឹង១៧,៦% នៃ ផ.ស.ស. គឺទាបជាងច្បាប់ហិរញ្ញវត្ថុ៣,០%។)
ការអនុវត្តកិច្ចប្រតិបត្តិការចំណូល ចំណាយថវិកាថ្នាក់ជាតិសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ សម្រេចបានលទ្ធផល ដូចខាងក្រោម៖
- ចំណូលថវិកាអនុវត្តបានចំនួន ២៨ ៥០០ ៣៧២,៥ លានរៀល
- ចំណាយថវិកាអនុវត្តបានចំនួន២៩ ៥០២ ៧៤៦,៥ លានរៀល
- ឱនភាពពីការអនុវត្តថវិកាក្នុងឆ្នាំមានចំនួន(-)១ ០០២ ៣៧៤,០ លានរៀល៕
ប្រភព៖ Phay Siphan
២២ តុលា ២០២១