ការប្រកួតកីឡាវាយសីអបអរ ទិវាជ័យជំនះ ៧មករា ឆ្នាំ២០២០នេះ ដែលខេត្តប៉ៃលិនទទួលធ្វើជាម្ចាស់ផ្ទះ បានចាប់ឆ្នោតចែកពូលប្រកួតហើយ ដោយមាន១៤ក្លឹបចូលរួម
ការប្រកួតកីឡាវាយសីអបអរ ទិវាជ័យជំនះ ៧មករា ឆ្នាំ២០២០នេះ ដែលខេត្តប៉ៃលិនទទួលធ្វើជាម្ចាស់ផ្ទះ បានចាប់ឆ្នោតចែកពូលប្រកួតហើយ ដោយមាន១៤ក្លឹបចូលរួម នារសៀលថ្ងៃទី១០ ខែមករា ម្សិលមិញនៅសាលាខេត្ត ប៉ៃលិន ដោយមានការចូលរួមពី ឯ ឧ ចេង ញ៉ាន់ អភិបាលរងខេត្តប៉ៃលិន និងតំណាងក្លឹបសមាគមចំនួន១៤ក្លឹប ។
លោក ធិន សៅ អគ្គហិរញ្ញឹកសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតនេះដំណើរការរយៈពេល២ថ្ងៃ និងបញ្ចប់នៅថ្ងៃទី១២ ដោយមានកីឡាករ កីឡាការិនី សរុប១៦៨នាក់ មកពី១៤ ក្លឹប ចែកចេញជា៧ប្រភេទអាយុ ។ ជាមួយគ្នានេះ លោក ធិន សៅ ក៏បានបញ្ជាក់ជូននៅបទបញ្ជាបច្ចេកទេសមួយចំនួន ដើម្បីអោយការប្រកួតអបអរទិវាជ័យជំនះ ៧មករា ឆ្នាំ២០២០ អោយទទួលបានសុក្រិតយុត្តិធម៌ និងទទួលបានជោគជ័យ ។
ឯ ឧ ចេង ញ៉ាន់ បានបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងដើម្បីអបអរទិវាជ័យជំនះ ៧មករា ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសាន៍ ប៉ុល ពត ។ ក្រៅពីចូលរួមអបអរសាទរខួបជាប្រវត្តិសាស្រ្តនេះ វាក៍ជាឱកាសបង្កើននូវការជួបជុំរិតចំណងសាមគ្គីភាព មិត្តភាព រវាងក្លិប និងក្លិប ដើម្បីបង្កើតកិច្ចសហការចូលរួមលើកកម្ពុជាផែនការអភិវឌ្ឍន៍វិស័យកីឡាវាយសី នៅកម្ពុជាឲ្យរីកចំរើនផងដែរ ។ ឯ ឧ អភិបាលរង ក៏បានសំណូមពរឲ្យកីឡាករ កីឡាការិនីទាំងអស់ គោរពឲ្យបាននូវបទបញ្ជាបច្ចេកទេសការប្រកួត ជាពិសេសត្រូវរក្សាសុខភាពអោយបានល្អ ដើម្បីបានចូលរួមប្រកួតបង្កើតបរិយាកាសរីករាយ និងអបអរសាទរថ្ងៃប្រវត្តិសាស្រ្តរបស់ប្រជាជាតិកម្ពុជា ។
សូមបញ្ជាក់ថា ការប្រកួតកីឡាវាយសីអបអរសាទរខួបអនុស្សាវរីយ៍ ទិវាជ័យជំនះ ៧មករា សហព័ន្ធកីឡាវាយសី បានបង្កើតឡើង២០ឆ្នាំមកហើយ ដោយចាប់ផ្តើមដំបូង គឺធ្វើនៅខេត្តកណ្តាល ក្រោមគំនិតផ្តួចផ្តើមពីឯ ឧ ហុក ឡង់ឌី ដឹកនាំរៀបចំដោយឯ ឧ ជ័យ ញ៉ាន់ ដែលបច្ចុប្បន្នជាអភិបាលរងខេត្តប៉ៃលិន ហើយបន្ទាប់មក ឯ ឧ ឧត្តមសេនីយ៍ឯក លី កុសល ជាប្រធានមកដល់បច្ចុប្បន្ន ហើយមានការចូលរួមពីបណ្តាក្លិប និងសមាគមន៍ចូលរួម កាន់តែច្រើនផងដែរ ៕




