ចាប់ខ្លួនម្ចាស់រថយន្តហាយប្រឺដ ពាក់ស្លាកលេខភ្នំពេញ2BB-0035 ដែលបុក និងកិនមនុស្ស២នាក់ ខណៈអ្នកបង្កហេតុកំពុងរត់គេចខ្លួន
ភ្នំពេញ៖ មនុស្សប្រុសស្រី២នាក់ បានស្លាប់ខណៈកំពុងជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តហាយប្រឺដមួយគ្រឿង បុក និងកិនអូសជាច្រើនម៉ែត្រ នៅចំណុចមុខការដ្ឋានក្រុមហ៊ុនចិន តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយករណីនេះកើតឡើងកាល ពីវេលាម៉ោង១០ព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ។ សពជនរងគ្រោះឈ្មោះ ចាន់ ណា ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកបើកបរម៉ូតូ ចំណែកស្ត្រីម្នាក់ទៀតដែលជិះជាមួយអង្គុយខាងក្រោយមិនស្គាល់អត្តសញ្ញាណនោះទេ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនកើតហេតុបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IC 4551 ឌុបនារីម្នាក់ដោយមានដឹកនំប៉័ងផងនោះ ធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ដោយព្យាយាមវ៉ាជែងគេឯង ក៏ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះមានរថយន្តបង្កម៉ាកកាមរីហាយប្រឺដ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BB-0035 កំពុងបើកបរបញ្ច្រាសទិសគ្នា ជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង ចំណែកអ្នកជិះម៉ូតូចំនួន២នាក់ ត្រូវកិននឹងអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។ បន្ទាប់ពីបុករួចរថយន្តបង្កបានបើកគេចពីកន្លែងកើតហេតុ បាត់ស្រមោល ។

ប្រភពដដែលបន្តថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះមកដល់ទីតាំង ហើយទំនាក់ទំនងទៅកម្លាំងនគរបាលជំនាញចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើកធ្វើការស្រាវជ្រាវភ្លាមៗ ដោយឆែកកាមេរ៉ាសុវត្ថិភាពដែលមាននៅក្បែរនោះ រហូតស្គាល់អត្តសញ្ញាណម្ចាស់ផងដែរ ។ លុះនៅវេលាម៉ោង១រសៀលថ្ងៃដដែល កម្លាំងជំនាញចរាចរណ៍បានឈានទៅដល់ការឃាត់ខ្លួនម្ចាស់រថយន្តមានឈ្មោះ ឆេង គឹមលី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិសន្សំកុសល៣ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ដែលត្រូវជាក្មួយជនបង្កមានឈ្មោះ ហ៊ុយ ទូច ភេទប្រុស អាយុ៣៦ឆ្នាំ ជាអ្នកបើករថយន្តបុកជនរងគ្រោះឲ្យស្លាប់បានរត់គេចខ្លួនបាត់រួមជាមួយរថយន្តបង្កផងដែរ ។

បច្ចុប្បន្ន ទោះបីជាយ៉ាងណាក៏ដោយសមត្ថកិច្ចបាន ឃាត់ខ្លួនម្ចាស់រថយន្តបញ្ចូនទៅខាងជំនាញការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី ។ ចំណែកឈ្មោះ ហ៊ុយ ទូច ភេទប្រុស អាយុ៣៦ឆ្នាំ ដែលជាអ្នកបើករថយន្តបុកជនរងគ្រោះឲ្យស្លាប់នោះ សមត្ថកិច្ចកំពុងតាមប្រមាញ់ចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់ ៕ធ.ដ
ដោយ៖ ជីម ភារ៉ា
