សហរដ្ឋអាម៉េរិកសម្រេចជាផ្លូវការហើយ ក្នុងការលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ឲ្យសង្ហិបុរី
សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលអាមេរិកនៅថ្ងៃទី០៩ ខែមករានេះ បានសម្រេចជាផ្លូវការហើយ ក្នុងការលក់យន្តហោះចម្បាំង-បំបាំងកាយ F-35 ទៅឲ្យសិង្ហបុរី ហើយវាក៏ជាការត្រួសត្រាយផ្លូវ សម្រាប់ការបញ្ជាទិញបន្ថែមទៀតនៅពេលអនាគតផងដែរ ។

ស្របពេលជាមួយគ្នានេះដែរ ក្រសួងការបរទេសអាមេរិកបានលើកឡើងថា នឹងអនុញ្ញាតឲ្យសិង្ហបុរីទិញយន្តហោះទាំងអស់នេះ តាមចិត្តចង់បាន ជាមួយនឹងតម្លៃសរុបប្រមាណ២.៧៥ពាន់លានដុល្លារ ខណៈសិង្ហបុរីក៏មានបំណងទិញសព្វាវុធ និងគ្រឿងបរិក្ខាយោធាទំនើបៗបន្ថែមទៀតពីសហរដ្ឋអាមេរិក ដើម្បីបង្កើនសមត្ថភាពការពារជាតិរបស់ខ្លួន ។

សូមរំលឹកថា រដ្ឋមន្ត្រីការពារជាតិសិង្ហបុរីលោក ង៉រ អេង ហេន កាលពីឆ្នាំ២០១៩បានប្រកាសថា ប្រទេសរបស់លោកនឹងដាក់សំណើមួយទៅកាន់សហរដ្ឋអាមេរិក ដើម្បីបញ្ជាទិញយន្តហោះចម្បាំង F-35B ចំនួន០៤គ្រឿងក្នុងតំណាក់កាលទី១ និងថា សិង្ហបុរីមានបំណងចង់ទិញយន្តហោះ F-35B នេះ រហូតដល់ទៅ១២គ្រឿង ៕ធ.ដ



