លោក ដូណាល់ ត្រាំ និយាយថា កិច្ចព្រមព្រៀងជាមួយចិនតំណាក់កាលទីពីរ នឹងចាប់ផ្តើមក្រោយការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក
សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី០៩ ខែមករានេះបានបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី២ រវាងចិន និងសហរដ្ឋអាមេរិកអាចចាប់ផ្តើមចរចាបាន នៅក្រោយការបោះឆ្នោតប្រធានាធិបតីអាមេរិក ។

ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងមុនការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីមួយ ត្រូវគេរំពឹងថា អាមេរិក-ចិននឹងចុះហត្ថលេខានៅសប្ដាហ៍ក្រោយនេះ ។ ទាក់ទិនទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទីពីរនេះ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា អាមេរិកនឹងចាប់ផ្តើមកិច្ចព្រមព្រៀងជាមួយចិន តែមិនមែនពេលនេះទេ ហើយភាគីទាំងពីរនឹងប្រើប្រាស់ពេលវេលាចរចាឲ្យកាន់តែតិចបំផុត និងល្អបំផុត ។

បើតាមមន្ត្រីអាមេរិក និងចិននោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ មានរួមបញ្ចូលនូវកិច្ចការពារកម្មសិទ្ធិបញ្ញា ទំនិញកសិកម្ម និងចំណីអាហារ សេវាកម្មហិរញ្ញវត្ថុ និងការដោះដូររូបិយប័ណ្ណបរទេស ព្រមទាំងវិធានរួមមួយចំនួន សម្រាប់ការដោះស្រាយវិវាទទៅថ្ងៃមុខ ។ ទន្ទឹមគ្នា លោក ដូណាល់ ត្រាំ ក៏បានយល់ព្រមលុបផែនការដំឡើងពន្ធលើទំនិញចិនមានតម្លៃ១៦០ពាន់លានដុល្លារ ខណៈចិនវិញ សន្យាទិញទំនិញកសិកម្មអាមេរិកបន្ថែមក្នុងតម្លៃ២០០ពាន់លានដុល្លារផងដែរ ៕ធ.ដ

