រថយន្តសណ្តោងកុងតឺន័រប៉ះជាម៉ូតូ កិនជាប់ក្រោមកង់រថយន្តបណ្តាលឲ្យបុរសម្នាក់ស្លាប់នឹងនារីម្នាក់របួសធ្ងន់
ភ្នំពេញ៖ រថយន្តសណ្តោងកុងតឺន័រប៉ះជាម៉ូតូកិនជាប់ក្រោមកង់រថយន្តបណ្តាលឲ្យបុរសម្នាក់ស្លាប់(ប្ដី)នឹងនារីម្នាក់ (ប្រពន្ធ)
របួសធ្ងន់ ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកមរា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវហាណូយ កែងនិងផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធីចំណុចស្តុប ២៤ម៉ោង ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។សមត្ថកិច្ច បានឲ្យដឹងថា អ្នកបើករថយន្តបង្ក ឈ្មោះ លី ម៉េងស្រ៊ី ភេទប្រុស អាយុ២០ឆ្នាំ មានស្រុកកំណើតនៅភូមិពានា ឃុំសំពរក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងពីរនាក់ បើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FB-7949 ធ្វើដំណើរតាមបណ្តោយផ្លូវឧកញ្ញ៉ាម៉ុងរិទ្ធី ក្នុងទិសដៅពីកើតទៅលិច ។

ខណៈមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងទៅផ្លូវហាណូយ ស្រាប់តែមានរថយន្តកុងតឺន័រ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ កំពង់ចាម 3A-8242 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយបុរសពីរនាក់ទៀត ចេញមកពីខេត្តត្បូងឃ្មុំបម្រុង បើកឆ្ពោះទៅរង្វង់មូលគួរស្រូវ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿន បានប៉ះជាមួយម៉ូតូពេញទំហឹង បណ្ដាលឲ្យកិនម៉ូតូ និងបុរសជាអ្នកបើកបរកៀបជាប់ក្រោមកង់រថយន្ត អូសប្រមាណ១០ម៉ែត្រ ស្លាប់ភ្លាមៗនៅនឹងកន្លែង និងនារីជាអ្នករួមដំណើរ បានរងរបួសធ្ងន់ ភ្លាមៗនោះក៏មានរថយន្តសង្គ្រោះបន្ទាន់ បានមកដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យ។ ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ហើយព្រូរថយន្ត២នាក់ទៀត បានរត់គេចខ្លួន ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះមកវាស់វែង យករថយន្ត និងម៉ូតូរួមជាមួយអ្នកបើករថយន្តបង្ក ទៅកាន់ការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសព ត្រូវបានសមត្ថកិច្ច ដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាស្វែងរកសាច់ញាតិ ឲ្យមកយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ
