មេដឹកនាំអ៊ីស្រាអែលអះអាងថា អ៊ីស្រាអែលនឹងសងសឹកយ៉ាងធ្ងន់ធ្ងរបំផុត បើសិនអ៊ីរ៉ង់ហ៊ានវាយប្រហារលើប្រទេសខ្លួន

អ៊ីស្រាអែល៖ អ៊ីស្រាអែលនឹងចាត់វិធានការសងសឹកយ៉ាងធ្ងន់ធ្ងរបំផុត បើសិនជាអ៊ីរ៉ង់ហ៊ានបើកការវាយប្រហារណាមួយមកលើប្រទេសអ៊ីស្រាអែល ជាការសងសឹកឱ្យមេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ដែលត្រូវបានអាម៉េរិក សម្លាប់នៅអ៊ីរ៉ាក់ នេះបើតាមការព្រមានរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ ។

ការព្រមានរបស់លោក ណឺតាន់យ៉ាហ៊ូ ធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានព្រមានថា នឹងវាយប្រហារលើអ៊ីស្រាអែល អេមីរ៉ាតអារ៉ាប់រួម ឬសម្ព័ន្ធមិត្តអាម៉េរិកដទៃទៀត នៅក្នុងតំបន់ បើសិនសហរដ្ឋអាម៉េរិកបើកវាយប្រហារសងសឹកលើអ៊ីរ៉ង់វិញ ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី០៨ ខែមករានេះថា លោក សូឡៃមេនី គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់ជនស៊ីវិលស្លូតត្រង់រាប់មិនអស់ ព្រមទាំងបង្កអស្ថេរភាពនៅក្នុងតំបន់  ដូច្នេះការសម្រេចចិត្តរបស់លោក ដូណាល់ ត្រាំ គឺជារឿងត្រឹមត្រូវ ហើយគួរតែត្រូវបានកោតសរសើរ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner