ប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋាន ចុះជួយស្រុកគាស់ក្រឡ ចែកសម្ភារៈសិក្សាដល់សិស្សនិងអង្ករដល់ប្រជាពលរដ្ឋក្រីក្រជាមួយម្ចាស់អំណោយដែលជាសប្បុរសជនកូរ៉េ
ពលរដ្ឋក្រីក្រ ជាង៣០០គ្រួសារ និងសិស្សានុសិស្ស ចំនួន ៧៥០នាក់ មកពីសាលា ចំនួន៧ នៅក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ទទួលបាននូវការឧបត្ថម្ភពីសប្បុរសជនកូរ៉េនិងក្រុមស្ម័គ្រចិត្តដើម្បីស្នាមញញឹម តាមរយៈឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ នៃ គណៈពង្រឹងមូលដ្ឋាន ចុះជួយស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ព្រមទាំងក្រោមកិច្ចសម្របសម្រួលពីឯកឧត្តម ស្រេង វង្សហៀងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំព្រះផុស និងលោកជំទាវ សុត សុវណ្ណដា អនុប្រធានក្រុមការងារចុះជួយឃុំព្រះផុស ព្រមទាំងអាជ្ញាធរស្រុកគាស់ក្រឡនិងក្រុមការងារចុះជួយឃុំ-ស្រុក រួមជាមួយនិងអាជ្ញាធរមូលដ្ឋានលំដាប់គ្រប់ថ្នាក់ក្នុងស្រុក បានចែកអំណោយដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូនិងប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបការលំបាកចំនួន៣៥០គ្រួសារនិងផ្ដល់សម្ភារៈសិក្សាដល់សិស្សានុសិស្ស ចំនួនន៧៥០នាក់ នៅក្នុងឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
តាមរយៈនៃការផ្ដល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋក្រីក្រីនិងសិស្សានុសិស្សខាងលើបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៣០ ខែតុលាឆ្នាំ២០២១នេះ។
តាមការគូសបញ្ជាក់ពីលោក គីម ជីនវូក ជាតំណាងសប្បុរសជនកូរ៉េ បានថ្លែងឲ្យដឹងថា ក្នុងនាមជាប្រទេសបងប្អូនរវាងកម្ពុជា-កូរ៉េ ដែលបាននិងកំពុងតែកសាងនូវទំនាក់ទំនងចំណងមិត្តភាពយ៉ាងរឹងមាំ ហើយទោះបីជាប្រទេសទាំងពីរកំពុងតែទទួលរងនូវផលប៉ះពាល់និងកំពុងជួបការលំបាកខ្លាំងដោយសារការអូសបន្លាយនៃវិបត្តិជាសាកលពីជំងឺកូវីដ-19 តែយើង នៅតែមិនភ្លេចជួយដល់បងប្អូនប្រជាជនដែលមានជីវភាពលំបាកខ្លាំង នៅក្នុងប្រទេសកម្ពុជាឡើយ។
លោក គីម ជីនវូក ជាតំណាងសប្បុរសជនកូរ៉េ បានថ្លែងបន្ថែមទៀតថា៖ទោះបីជាសកម្មភាពសង្គមទូទៅមានការធ្លាក់ចុះ ហើយការផ្លាស់ប្ដូរពាណិជ្ជកម្មខ្លះក៏មានការថមថយឬបានផ្អាកក៏ដោយ។ក្នុងនោះ លោកបានសន្យាថា នឹងបន្តសកម្មភាពមនុស្សធម៌បែបនេះ និងបន្តចុះជួយប្រជាជនក្រីក្រនិងកំពុងជួបការលំបាកខ្លាំង នៅតាមតំបន់ផ្សេងៗទៀតជាបន្តបន្ទាប់ដើម្បីជាការរួមចំណែកជារាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ តាមរយៈឯកឧត្តមរដ្ឋលេខាធិការ ដើម្បីចែករំលែករួមសុខទុក្ខ ជាមួយបងប្អូនប្រជាជនកម្ពុជា ដែលកំពុងខ្វះខាត ហើយតួអង្គសំខាន់នៅក្នុងសកម្មភាពស្ម័គ្រចិត្តនេះ គឺដោយមានការចូលរួមជាដៃគូដ៏សំខាន់ពីក្រុមស្ម័គ្រចិត្តដើម្បីស្នាមញញឹម ផងដែរ។ ហើយក្រុមស្ម័គ្រចិត្តដើម្បីស្នាមញញឹម គឺប្រមូលផ្ដុំដោយសមាជិកអ្នកបកប្រែភាសាខ្មែរ-កូរ៉េ ដែលពួកគាត់បានចូលរួមចំណែកយ៉ាងខ្លាំង ដល់កិច្ចការផ្លាស់ប្ដូរគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា-កូរ៉េ ដោយបានរួមគ្នាដើម្បីចែករំលែកទុក្ខលំបាក របស់ បងប្អូនប្រជាពលរដ្ឋក្រីក្រ។
ក្នុងឱកាសនេះ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានផ្តល់ នូវដំបូន្មានល្អៗក្នុងការប្រៀនប្រដៅ និងទូន្មានដល់ក្មួយៗដែលជាសិស្សានុសិស្សទាំងអស់ត្រូវបន្តខិតខំរៀនសូត្រឲ្យក្លាយជាទំពាំងស្នងឫស្សីដ៏មានគុណភាព សម្រាប់អនាគតប្រទេសជាតិ ជាពិសេសត្រូវចៀសឆ្លាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែលសង្គម ស្អប់ខ្ពើម។ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ ដែលបានលះបង់ក្នុងការផ្តល់នូវចំណេះដឹងដល់សិស្ស និងជាធនធានដ៏សំខាន់ក្នុងការជួយកសាងនូវធនធានមនុស្សដើម្បីកសាងសង្គមជាតិប្រទេសជាតិឲ្យមានការវិវឌ្ឍន៍រីកចម្រើននៅថ្ងៃខាងមុខនិងអនាគតដ៏រុងរឿង ក្រោមការដឹកនាំ របស់ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានចុះជួយស្រុកគាស់ក្រឡ បានថ្លែងអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង សូមរួសរាន់ប្រញាប់ទៅចាក់វ៉ាក់សាំង ដើម្បីបង្ការ នូវ ជំងឺកូវីដ-19 ឲ្យបានគ្រប់ៗគ្នាដើម្បីបង្កើតបាននូវភាពស៊ាំ នៅក្នុងសហគមន៍ដើម្បីបើកឲ្យដំណើរការសាលារៀន និងដើម្បិបើកសកម្មភាពសង្គម និង សេដ្ឋកិច្ច ឡើងវិញផងដែរ។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានសង្កត់ធ្ងន់បន្ថែម ដោយបានធ្វើការណែនាំ ដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរៀនរស់ជាមួយបរិបទថ្មី នៃជំងឺកូវីដ-19តាមបែបគន្លងថ្មី ដោយត្រូវប្រកាន់ខ្ជាប់ ក្នុងការគោរពនិងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការសុខាភិបាល៣.ការពារនិង៣.កុំ ឲ្យបានខ្ជាប់ខ្ជួននិងដាច់ខាត ដើម្បីឲ្យចៀសផុតពីការឆ្លង និងការចម្លង ពីជំងឺកូវីដ-19 បាន៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )









