ឯ ឧ ថោង ខុន បញ្ជាក់ថា អ្នកមិនគាំទ្រស្មារតី៧មករា គឺជាអ្នកមិនស្រលាញ់សន្តិភាព និងប្រជាជន
ក្នុងពេលប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២០) ជាមួយប្រជាជនប្រមាណជាង ១,០០០នាក់ នៅមូលដ្ឋានស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ ឯ ឧ ថោង ខុន ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកទាំងពីរខាងលើ បានលើកឡើងថា ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមជ្ឈដ្ឋានអន្តរជាតិជាច្រើនបានគាំទ្រ និងគោរពស្មារតីទិវាជ័យជម្នះ ៧ មករា ។
ប៉ុន្តែក្រុមដែលមិនគាំទ្រ ៧មករា គឺមានតែក្រុមអគតិមួយក្តាប់តូចប៉ុណ្ណាះ ដែលមកដល់បច្ចុប្បន្នសូម្បី តែសហគមន៍អន្តរជាតិដែលធ្លាប់គាំទ្រក្រុមពួកនោះ ក៏ចាប់ផ្ដើមភ្ញាក់ខ្លួន និងឈប់គាំទ្រដែរ ។ ឯ ឧ ថោង ខុន បានបន្តថា ការប្រារព្ធទិវាជ័យជម្នះ ៧មករា គឺជាការទទួលស្គាល់សច្ចធម៌ ប្រវត្តិសាស្ត្រ ។ អស់រយៈពេល៤១ឆ្នាំហើយ ដែលប្រជាពលរដ្ឋកម្ពុជាចូលរួមប្រារព្ធទិវាជ័យជម្នះ ៧មករា មិនដែលមាន ការរុញរាឡើយ ។ ឯ ឧ ប្រធានក្រុមការងារ បានបន្ថែមថា មានជ័យជម្នះ ៧មករា ទើបមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ន ។ ក្នុងរយៈពេល៤១ឆ្នាំ នៃដំណើរការអភិវឌ្ឍប្រទេសនេះ កម្ពុជាទទួលបានការកោតសរសើរល្អក្រៃលែង និងគ្មានអ្នកណានឹកស្មានដល់ថា កម្ពុជាអាចអភិវឌ្ឍន៍ ខ្លួនលឿនឆាប់រហ័សយ៉ាងដូច្នេះសោះ ។ ឯ ឧ ថា កាលពីមហាសន្និបាតសមាគមអភិបាលក្រុង និយាយ ភាសាបារាំង នៅភ្នំពេញ នាដើមខែធ្នូ ឆ្នាំ២០១៩កន្លងទៅ ឯ ឧ បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងការ អភិវឌ្ឍទីក្រុងភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា ក្រោយការដួលរលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ។ បណ្ដាអភិបាលក្រុងនិយាយភាសាបារាំងទាំងនោះលើកឡើងថា ពួកគេមិននឹកស្មានសោះថា កម្ពុជា អាចកសាងអភិវឌ្ឍន៍ខ្លួនតាំងពីបាតដៃទទេ បានលឿនដូច្នេះសោះ ។ ប្រធានក្រុមការងាររូបនេះ បាន ប្រាប់បណ្ដាអភិបាលក្រុងនិយាយភាសាបាំរាំងទាំងនោះថា នេះហើយជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ កម្ពុជា ក៏ដូចជារបស់មនុស្សជាតិទូទាំងពិភពលោក ហើយពួកគេបានចាត់ទុកកម្ពុជា ជាប្រទេសគំរូមួយ ក្នុងការអភិវឌ្ឍតាំងពីបាតដៃទទេ ឬក្រោយដំណាក់កាលសង្គ្រាម ។
សូមជម្រាបថា ការប្រារព្ធទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២០) ខាងលើត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែមករានេះ ។ ក្រោយបញ្ចប់ការប្រារព្ធទិវានេះរួចហើយ ឯ ឧ ថោង ខុន ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋក៏បានអញ្ជើញចូលរួមពិសាអាហារសាមគ្គី និងនំបញ្ចុកតេជោ សន្តិភាពរួមគ្នាផងដែរ ។ ជាមួយនឹងបរិយាកាសដ៏រីករាយបែបនេះ ឯ ឧ ថោង ខុន ព្រមទាំង ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋបានប្រកាសជ័យឃោស និងបន្លឺនូវនិយមស័ព្ទថា «អរគុណសន្តិភាពៗៗៗ» «យើងស្រលាញ់ និងការពារសន្តិភាព» ៕








