ក្រុមការងារយុវជនអង្គការចាត់តាំងគណបក្សប្រជាជនកម្ពុជា តំបន់ឆ្នេរខាងលិចសហរដ្ឋអាម៉េរិក ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនខ្មែរ និងខ្មែរឥស្លាម នៅទីក្រុងចំនួន៣ នៃរដ្ឋវ៉ាស៊ីនតោន
ឯកឧត្តម ណុប ដារ៉ា អនុប្រធានយុវជនអង្គការចាត់តាំងតំបន់ឆ្នេរខាងលិច សហរដ្ឋអាម៉េរិក ទទួលបន្ទុករដ្ឋវ៉ាស៊ីនតោន និងក្រុមការងារ បានចុះជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយបងប្អូនខ្មែរ និងខ្មែរឥស្លាម នៅទីក្រុង អូឡាំពីន ឡេស៊ី និង tacoma ហើយក៏បានដឹកនាំក្រុមការងារទៅថ្វាយបង្គំព្រះសង្ឃផងដែរ ។

ក្នុងឱកាសនោះ ឯ,ឧ ណុប ដារ៉ា បានលើកឡើងពីការអភិវឌ្ឍលើគ្រប់របស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ បានបិទបញ្ចប់ភ្លើងសង្គ្រាម និងបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ហើយសន្តិភាព និងស្ថិរភាពនយោបាយនេះ បានធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំ នៃដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រហូតសម្រេចបានកំណើនខ្ពស់ប្រមាណ៧,១% ក្នុងបរិការណ៍អតិផរណាទាប អត្រាប្តូរប្រាក់ មានស្ថិរភាព និងទុនបម្រុងអន្តរជាតិ បន្តកើនឡើងជាបន្តបន្ទាប់។

ឯកឧត្តម ណុប ដារ៉ា បានលើកឡើងពីការគាំទ្រដល់សារនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន គឺពាក្យ “អរគុណសន្តិភាព” ព្រោះថា មនុស្សម្នាក់ៗ គឺសុទ្ធត្រូវការសន្តិភាព ហើយពាក្យអរគុណ សន្តិភាព នឹងក្លាយជាពាក្យ ស្លោករបស់ប្រជាជនដែលស្រឡាញ់សន្តិភាព ។ ដូចនេះដើម្បីឲ្យសន្តិភាព ស្ថិតស្ថេរទៀតនោះ ឯកឧត្ដម ណុប ដារ៉ា បានអំពាវនាវឲ្យប្រជាជនយើង រួមគ្នាថែរក្សាការពារសន្តិភាពឲ្យ បានគង់វង្ស បើគ្មានសន្តិភាព គ្មានថ្ងៃ៧មករា និងថ្ងៃ២ធ្នូទេ ប្រជាជន និងប្រទេសជាតិ ពិតជាគ្មានការ រស់នៅបានសុខសាន្ត និងមានការអភិវឌ្ឍដូចសព្វថ្ងៃនេះដែរ ។

ឯកឧត្តម ក៏បានប្រាប់ឱ្យបងប្អូនទាំងអស់ កុំជឿតាមជនអគតិមួយចំនួនដែលបានបំភ្លៃការពិតពីការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដូច្នេះសូមបងប្អូនអញ្ជើញទៅលេងនៅប្រទេសកម្ពុជា ដើម្បីបានជ្រាបច្បាស់ពីកត្តាសុខសន្តិភាព និងការរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ៕ធ.ដ







