បង្ក្រាបមុខសញ្ញាចោរកម្មចាស់ ដែលតែងតែលួចទ្រព្យសម្បត្តិតាមលំនៅដ្ឋានពលរដ្ឋ នៅខណ្ឌឫស្សីកែវ
ភ្នំពេញ៖ បើទោះបីបទល្មើសផ្សេងៗ ពិសេសអំពើចោរកម្ម (លួច ឆក់ ប្លន់) នៅតែកើតមានឡើងជាបន្តបន្ទាប់ ប៉ុន្តែក្រោយកើតហេតុការណ៍នេះ គេសង្កេតឃើញថា ទាំងការតាមស្រាវជ្រាវ ក៏ដូចជាការបង្ក្រាបជាក់ស្ដែង តែងតែបានធ្វើឡើងជាប្រចាំ ដោយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងទិសដៅអនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ទាំង៩ចំណុច ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរក្សាសន្តិសុខ ជូនប្រជាពលរដ្ឋ។

ជាក់ស្ដែង ដូចជាមុខសញ្ញាចាស់ (មិនរាងចាល) និងជាអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់ ដែលតែងតែធ្វើសកម្មភាពលួចទ្រព្យសម្បត្តិផ្សេងៗយ៉ាងសកម្ម (ទូរស័ព្វ-ប្រាក់) នៅតាមលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ពេលនេះ ត្រូវឃាត់ខ្លួនបានហើយ ដោយមានកិច្ចសហការល្អ ពីជនរងគ្រោះ ជាមួយកម្លាំងនគរបាលខណ្ឌឫស្សីកែវ។

បើតាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង អធិការរងជុំនាញព្រហ្មទណ្ឌ តំណាងលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ចំពោះការឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាចាស់ និងជាអ្នកប្រើប្រាស់គ្រឿងញៀនខាងលើនេះ បានអនុវត្តឡើងស្ថិតនៅចំណុចផ្ទះលេខ៧៧ក ផ្លូវបេតុង ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នាវេលាម៉ោង០៤៖៣០នាទីទាបភ្លឺថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ។

លោកអធិការរងនគរបាលជុំនាញព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចាស់ និងជាអ្នកប្រើប្រាស់គ្រឿងញៀន ដែលឃាត់ខ្លួនបានឈ្មោះ ហួរ សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះឈ្មោះ ប៊ុន ហ៊ាន ភេទប្រុស អាយុ៧៥ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅទីតាំងកើតហេតុ និងម្នាក់ទៀតឈ្មោះ ជុំ មិនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកអង្គការចាយការ (JICA) មានទីលំនៅក្នុងការដ្ឋានមួយកន្លែង ក្រុមទី៧ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ។
លោកអធិការរងនគរបាលជុំនាញព្រហ្មទណ្ឌខណ្ឌឫស្សីកែវ បានឲ្យដឹងទៀតថា ក្រៅពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកលែត ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 1IB-5213 ដែលជាមធ្យោបាយជិះធ្វើសកម្មភាពចោរកម្ម១គ្រឿង ឯទូរស័ព្វម៉ាកអាយហ្វូន ចំនួន២គ្រឿង និងប្រាក់រៀល ចំនួន៦៤០០០រៀលផ្សេងទៀត បានប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ។ នេះបើតាមការបញ្ជាក់របស់ជនរង ដែលបានបាត់បង់ទូរស័ព្វដៃម៉ាកអាយហ្វូន ចំនួន២គ្រឿង និងប្រាក់រៀល ចំនួន៦៤០០០រៀល បន្ទាប់ពីកើតហេតុ។
ទោះបីយ៉ាងណា ពេលនេះជនសង្ស័យ (ក្នុងអំពើចោរកម្មមិនរាងចាល) និងវត្ថុតាងជិះធ្វើសកម្មភាពមានម៉ូតូ១គ្រឿង បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ធ.ដ
ដោយ ហាស់ កំសាន្ដ