កិច្ចព្រមព្រៀងយោធាចាស់ជាងគេនៅអាស៊ីមានអាយុ ៥០ឆ្នាំហើយ ចុះអនាគតទៅជាយ៉ាងណា?
កិច្ចព្រមព្រៀងយោធាដោយ ៥ ប្រទេស (FPDA) ជាកិច្ចព្រមព្រៀងរវាងប្រទេសអូស្ត្រាលី ម៉ាឡេស៊ី នូវែលហ្សេឡង់ សិង្ហបុរី និងប្រទេសអង់គ្លេស បានគម្រប់ខួបចូលអាយុ ៥០ឆ្នាំនៅក្នុងថ្ងៃទី១ ខែវិច្ឆិកានេះហើយ។
ភាពជាដៃគូយោធានេះ ត្រូវបានចុះហត្ថលេខានៅឆ្នាំ១៩៧១ ហើយមានគោលបំណងក្នុងការការពារប្រទេសម៉ាឡេស៊ី និងសិង្ហបុរីពីការគំរាមកំហែងខាងក្រៅ។ ក្រោមកិច្ចព្រមព្រៀងនេះ ប្រទេសទាំង ៥ សច្ចាក្នុងការពិគ្រោះយោបល់ជាមួយគ្នា ក្នុងករណីឈ្លានពានណាមួយទៅលើប្រទេសក្នុងភូមិភាគអាស៊ីអាគ្នេយ៍ទាំងពីរនេះ។
កិច្ចព្រមព្រៀង FPDA នេះត្រូវបានចុះនៅឆ្នាំ១៩៧១ ពោលគឺជាដៃគូយោធាចាស់ជាងគេបង្អស់ទី២ នៅលើពិភពលោកបន្ទាប់ពី អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ឬ គេច្រើនតែស្គាល់ថា សម្ព័ន្ធមិត្តណាតូ។ ចំណែកឯនៅទ្វីបអាស៊ី កិច្ចព្រមព្រៀង FPDA នេះជាដៃគូយោធាចាស់ជាងគេ។
ក្នុងសារវីដេអូមួយ ដែលអបអរសាទរចំពោះខួប ៥០ឆ្នាំនេះ នាយករដ្ឋមន្ត្រីនៃប្រទេសទាំង ៥ នៅតែយល់ឃើញថា យន្តការផ្នែកយោធាមួយនេះ នៅតែមានន័យសម្រាប់ស្ថានភាពភូមិសាស្ត្រនយោបាយនៅក្នុងបរិបទថ្មីនេះ។
លោក អ៊ីស្មែល សាប្រ៊ី នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានលើកឡើងថា កិច្ចព្រមព្រៀងនេះអាចរស់រានដល់អាយុ ៥០ឆ្នាំ ជាការឆ្លុះបញ្ចាំងអំពីផលប្រយោជន៍រួមផ្នែកសន្តិសុខដ៏យូរអង្វែង ក៏ដូចជាការប្ដេជ្ញាចិត្តផ្នែកនយោបាយរបស់ប្រទេសទាំង៥។ ជាមួយគ្នានេះ លោកក៏សង្ឃឹមថាកិច្ចព្រមព្រៀង FPDA នឹងអាចបន្តដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនាពេលបច្ចុប្បន្នផងដែរ។
ចំណែកឯលោក ស្កុត ម៉ូរីសុន (Scott Morrison) នាយករដ្ឋមន្ត្រីអូស្ត្រាលីយល់ថា កិច្ចព្រមព្រៀងនេះមានគោលដៅរួមនឹងទស្សនវិស័យនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកប្រកបដោយសន្តិសុខ បរិយាប័ន្ន និងភាពធន់។ រីឯអ្នកស្រី ចាស៊ីនដា អាដិន (Jacinda Ardern) ប្រមុខរដ្ឋាភិបាលនូវែលហ្សេឡង់ បានថ្លែងថា FPDA អាចបន្តឈរបានកន្លះសតវត្សនេះបានក៏ព្រោះតែពង្រីកការផ្ដោតរបស់ខ្លួនពី ដោយធ្លាប់តែផ្ដោតលើរឿងសន្តិសុខប្រពៃណី រហូតមកគិតគូរបញ្ហាប្រឈមថ្មីៗនានានៅក្នុងពេលបច្ចុប្បន្ន។
ស្របពេលចក្រភពអង់គ្លេសកំពុងតែពង្រីកវត្តមាននៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីអង់គ្លេសប្ដេជ្ញាថា ព្រះរាជាណាចក្រនៃទ្វីបអឺរ៉ុបមួយនេះនឹងចូលរួមវិភាគទានជាមួយប្រទេស ៤ផ្សេងទៀតឱ្យកាន់តែច្រើនជាងនេះ។
FPDA នេះត្រូវបានលេចចេញជារូបរាងឡើងក្រោយពេលដែលចក្រភពអង់គ្លេសដកទ័ពចេញព្រែកជីកស៊ុយអេ នៅឯប្រទេសអេហ្ស៊ីប ហើយបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការការពារប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដែលនៅពេលនោះទើបតែមានអាយុមិនដល់ ១០ឆ្នាំផង។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង បានគូសបញ្ជាក់ថា ៥០ឆ្នាំកន្លងមក FPDA បានផ្ដល់ជាម្លប់មួយសម្រាប់ម៉ាឡេស៊ី និងសិង្ហបុរី ហើយយន្តការនេះដែរបានផ្ដល់ឱ្យប្រទេសទាំងពីរនេះនូវការធានាមួយ ដើម្បីឱ្យរស់រាន និងអភិវឌ្ឍខ្លួនឯងរហូតដល់សព្វថ្ងៃ។
៥ ទសវត្សកន្លងផុតទៅ ស្ថានភាពភូមិសាស្ត្រនយោបាយផ្លាស់ប្ដូរយ៉ាងខ្លាំងចាប់តាំងពីសង្គ្រាមត្រជាក់រវាងលោកសេរី និងលោកកុម្មុយនិស្តត្រូវបានបញ្ចប់។ តំបន់អាស៊ីអាគ្នេយ៍ធ្លាប់តែញាំញីនឹងសង្គ្រាមប្រដាប់អាវុធ និងការជ្រៀតជ្រែកពីសំណាក់ប្រទេសមហាអំណាច ខណៈនៅពេលនេះក្នុងតំបន់ជួបប្រទះនូវបញ្ហាប្រឈមថ្មី តែជាទូទៅមានភាពបើកចំហនឹងគ្នា ហើយកំពុងឈានទៅដល់សមាហរណកម្មថ្នាក់តំបន់។
អ្នកស្រី Sarah Teo សាស្ត្រាចារ្យនៃសាលាសិក្សាអន្តរជាតិ S. Rajaratnam បានប្រាប់ South China Morning Post ថា តំបន់អាស៊ីអាគ្នេយ៍កាលពីទសវត្សឆ្នាំ១៩៦០ ជាគ្រាមិនសូវជាសុខសាន្តត្រាណដូចបច្ចុប្បន្នប៉ុន្មាននោះទេ។ នៅពេលនោះ អ្នកជិតខាងរបស់ម៉ាឡេស៊ី និងសិង្ហបុរីគឺ ប្រទេសឥណ្ឌូនេស៊ី បានប្រកាន់គោលនយោបាយប្រឈមមុខដាក់គ្នា ដែលហៅថា កុងហ្រ្វង់តាស៊ី (Konfrontasi) ដោយប្រទេសប្រជុំកោះមួយនេះ ប្រឆាំងនឹងការបង្កើតសហព័ន្ធរបស់ម៉ាឡេស៊ី។
សម្រាប់ពេលវេលាសុខដុមរមនាដូចបច្ចុប្បន្ន អ្នកស្រី Teo យល់ឃើញថា FPDA នៅតែសំខាន់ ទោះបីជាមិនសូវល្បីរន្ទឺខ្លាំងក៏ដោយ។ អ្នកស្រីលើកឡើងថា កិច្ចព្រមព្រៀងនេះបានធ្វើឱ្យប្រទេសទាំង ៥ ខិតជិតគ្នាកាន់តែខ្លាំង ហើយជាឈ្នាន់សម្រាប់វេទិកាដោះដូរយោបល់គ្នា ក៏ដូចជាយន្តការកសាងសមត្ថភាព និងហាត់សមលើការប្រយុទ្ធប្រឆាំងភេរវកម្ម ប្រឆាំងចោរសមុទ្រ ក៏ដូចជាកិច្ចការមនុស្សធម៌នានា។
ស្រដៀងគ្នានេះដែរ លោក John Blaxland សាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិអូស្ត្រាលីយល់ឃើញថា FPDA មានភាពជោគជ័យ។ លោករៀបរាប់ប្រាប់ SCMPថា កិច្ចព្រមព្រៀងនេះនៅមានកម្រិត បើធៀបនឹងយន្តការសន្តិសុខដទៃៗទៀត។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «យន្តការនេះនឹងមិនបង្កើតសម្ព័ន្ធមិត្តសម្រាប់ទៅច្បាំងសង្គ្រាមទេ តែនេះជាយន្តការមួយមានសារៈសំខាន់សម្រាប់ប្រទេសនានាបង្កើតកិច្ចសហប្រតិបត្តិការជាមួយផងគ្នា។ វាមិនខ្លាំងប៉ុន្មានទេ តែអាចថាគ្រប់គ្រាន់ល្មម ដើម្បីឱ្យគ្រប់គ្នាសប្បាយចិត្ត នឹងទំនាក់ទំនងជាមួយគ្នារហូតដល់ ៥០ឆ្នាំ»៕

ប្រភព៖ SCMP