គណបក្សប្រជាធិបតេយ្យសេរីជប៉ុន បន្តរក្សាអាសនៈភាគច្រើននៅសភាក្នុងការបោះឆ្នោតសកលឆ្នាំ២០២១
គណបក្សប្រជាធិបតេយ្យសេរីជប៉ុន ហៅកាត់ជាភាសាអង់គ្លេសថា LDP បានបន្តរក្សាអាសនៈភាគច្រើននៅក្នុងសភាជាន់ទាប ក្រោយពីជប៉ុនបានរៀបចំការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យនេះ។
បើយោងតាមការព្យាកររបស់សារព័ត៌មានជប៉ុន NHK គណបក្ស LDP ឈ្នះបានអាសនៈសរុប ២៦១ ចំណែកឯគណបក្សសម្ព័ន្ធមិត្តរបស់ខ្លួនគឺ គណបក្ស Komeito កាន់កាប់បាន ៣២អាសនៈ។ សម្ព័ន្ធគណបក្សកាន់អំណាចកាន់កាប់អាសនៈនៅសភាជាន់ទាបសរុប ២៩៣ ក្នុងចំណោម ៤៦៥អាសនៈសរុប។
ទោះបីជាគណបក្ស LDP ឈ្នះឆ្នោតក្នុងប្រព័ន្ធសមាមាត្រក្ដី អគ្គលេខាធិការគណបក្សនេះ លោក Akira Amari សម្រេចនឹងលាលែងពីតំណែង ក្រោយពេលដែលលោកបានចាញ់ឆ្នោតក្នុងមណ្ឌលរបស់លោក។
ចំណែកឯខាងសម្ព័ន្ធគណបក្សប្រឆាំងវិញ គណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញនៅតែជាគណបក្សប្រឆាំងដ៏ធំជាងគេដដែល ដោយបាន ៩៦អាសនៈ ថយចុះពីការបោះឆ្នោតឆ្នាំ២០១៧ ចំនួន ១៣អាសនៈ៕


ប្រភព៖ NHK World Japan