បារាំងគ្មានចេតនាចង់កាត់បន្ថយកងទ័ពនៅក្នុងប្រទេសអ៊ីរ៉ាក់នោះទេ បើទោះជាភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិកកើនឡើងខ្លាំងដល់កំពូល

បារាំង៖ បារាំងគ្មានចេតនាចង់កាត់បន្ថយ ឬក៏ដកកងទ័ពរបស់ខ្លួនចេញពីទឹកដីរបស់ប្រទេសអ៊ីរ៉ាក់នោះទេ នេះបើតាមប្រភពពីរដ្ឋាភិបាលទីក្រុងប៉ារីស ដែលបានអះអាងប្រាប់សារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែមករានេះ ស្របពេលភាពតានតឹងរវាងអ៊ីរ៉ង់ និងអាម៉េរិកកើនឡើងខ្លាំងដល់កំពូល ក្រោយយោធាអាម៉េរិកសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី ក្នុងប្រទេសអ៊ីរ៉ាក់ ។

យោងតាមក្រសួងការពារជាតិបារាំង បានឱ្យដឹងថា ប្រទេសបារាំងបានចូលរួមចំណែកក្នុងការបញ្ជូនទាហានប្រមាណ២០០នាក់ ទៅចូលរួមជាមួយកងកម្លាំងចម្រុះដែលដឹកនាំដោយអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមភេវរកររដ្ឋឥស្លាម ISIL ដែលក្នុងនោះ ១៦០ នាក់មានភារៈកិច្ចបណ្តុះបណ្តាលមន្រ្តីយោធាអ៊ីរ៉ាក់ ។

ដោយឡែកប្រទេសអាឡឺម៉ង់ នៅថ្ងៃទី០៧ ខែមករានេះ បានបញ្ជាក់ថា ខ្លួនបានដកកងទ័ពមួយចំនួនជាបណ្តោះអាសន្ន ដែលត្រូវបានដាក់ពង្រាយជាផ្នែកមួយនៃកងកម្លាំងចម្រុះប្រឆាំងនឹងពួកឧទ្ទាមរដ្ឋឥស្លាម ISIL នៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយអង្គការ NATO ក៏បានអះអាងដែរថា ខ្លួននឹងដកកងកម្លាំងមួយចំនួនចេញពីប្រទេសអ៊ីរ៉ាក់ ដោយសារតែការកើនឡើងហានិភ័យដល់សុវត្ថិភាពរបស់ពួកគេ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner