កងទ័ពអង់គ្លេសព្រមានឆ្លើយតបវិញ ប្រសិនបើមានការវាយប្រហារពីសំណាក់អ៊ីរ៉ង់ លើមូលដ្ឋានទ័ព ឬតំបន់ដែលជាផលប្រយោជន៍របស់អង់គ្លេស
អង់គ្លេស៖ បន្ទាប់ពីសភាអង់គ្លេសបានអនុម័តរួចរាល់នោះ នៅថ្ងៃទី០៨ ខែមករា នេះ កងទ័ពអង់គ្លេសបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការចេញទៅកាន់ប្រទេសអ៊ីរ៉ាក់ ឬតំបន់ក្បែរនោះក្នុងរយៈពេល៤៨ម៉ោង ដើម្បីការពារនូវរាល់ផលប្រយោជន៍របស់ខ្លួន ប្រសិនបើមានការសងសឹកណាមួយកើតមានរវាងអ៊ីរ៉ង់ និងអាម៉េរិក ។

នៅក្នុងនោះក៏មានផងដែរនូវកងទ័ព សម្រាប់បម្រើឱ្យការជន្លៀសយោធាអង់គ្លេស ប្រសិនបើមានការវាយប្រហារណាមួយកើតឡើង នៅតំបន់ដែលកងទ័ពអង់គ្លេសឈរជើង ។ សភាអង់គ្លេសក៏បានសង្កត់ធ្ងន់ដែរថា អង់គ្លេសនឹងឆ្លើយតប ប្រសិន បើមានការវាយប្រហារណាមួយពីសំណាក់អ៊ីរ៉ង់ ឬសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ មកលើមូលដ្ឋានទ័ព ឬតំបន់ដែលជាផលប្រយោជន៍របស់អង់គ្លេស ។

គួរបញ្ជាក់ថា ការបញ្ជូនកងទ័ពរបស់អង់គ្លេសបន្ថែមទៀតនេះ បានកើតមានឡើងបន្ទាប់ពីភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិកបានកើនឡើងដល់ចំណុចកំពូល ក្រោយមេទ័ពអ៊ីរ៉ង់ លោក កាស្សេម សូឡៃមេនី ត្រូវបានយោធាអាម៉េរិកប្រើយន្តហោះដ្រូនធ្វើឃាតនៅលើទឹកដីរបស់ប្រទេសអ៊ីរ៉ាក់ ៕ធ.ដ

