អាជ្ញាធរខេត្តបន្ទាយមានជ័យ៖ មានថ្ងៃ២ធ្នូ នាំឲ្យមានថ្ងៃ៧មករា ហើយទើបមានសន្តិភាព និងអ្វីៗទាំងអស់រហូតសព្វថ្ងៃនេះ

បន្ទាយមានជ័យ៖ មន្ត្រីអាជ្ញាធរបានរំលឹកថា មានថ្ងៃ២ធ្នូឆ្នាំ១៩៧៨ ជាថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាំឲ្យមានថ្ងៃរំដោះឬថ្ងៃជ័យជំនះ៧មករា ហើយទើបមានការរស់រានមានជីវិតឡើងវិញ នៃប្រជាជន និងប្រជាជាតិកម្ពុជា ហើយតមកទៀត ក៏សុខសន្តិភាព និងអ្វីៗទាំងអស់រហូតសព្វថ្ងៃនេះ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍ដូច្នេះកាលពីរសៀលថ្ងៃទី៧មករា២០២០ ខណៈបានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយដល់ពលរដ្ឋក្រីក្រ ចាស់ជរា ពិការ ជនគ្មានទីពឹង ស្ត្រីមេម៉ាយចំនួន៤៣នាក់ ដែលសម្គាល់(៤+៣ =៧ )ដើម្បីឧទ្ទិស និងអបអរដល់ទិវាជ័យជម្នះ៧មករា (៧មករា១៩៧៩ -៧មករា ២០២០ ) នៅសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ឯក ហាំ វណ្ណៈ មេបញ្ជាការនគរបាលការពារព្រំដែនគោកវរសេនាតូចលេខ៨៩១ ប៉ោយប៉ែត បានឲ្យដឹងថា ៖ អំណោយជូនដល់ប្រជាពលរដ្ឋដូចខាងលើទាំងនេះបានរៀបចំដោយលោកវរសេនីយ៍ត្រី ពៅ រឹទ្ធីហៅធី ស្នា  មេបញ្ជាការរងវរៈនគរបាល៨៩១ និងលោកស្រី គុជ សោភា  និងក្រុមគ្រួសារ ។
ពលរដ្ឋទាំងនេះត្រូវជ្រើសរើសដោយពលរដ្ឋដូចគ្នា និងមេភូមិ ចៅសង្កាត់ដែលយកចេញពីសង្កាត់/ក្រុងប៉ោយប៉ែត ។

លោកបានបន្តថា ៖ អ្នករៀបចំ និងជាអ្នកឧបត្ថម្ភគឺលោក ពៅ រិទ្ធី និងលោកស្រី គុជ សោភា តែងធ្វើកម្មវិធីមនុស្សធម៌ ចែកអំណោយដូច្នេះជារៀងរាល់ឆ្នាំ មាននៅថ្ងៃជ័យជម្នះ៧មករា ,នៅរដូវបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ជាដើម។
ហើយក្នុងពេលនេះ អំណោយជូនប្រជាពលរដ្ឋ ក្នុងម្នាក់ៗទទួលបានអង្ករ២៥គ.ក្រ មី១កេះ ទឹកបរិសុទ្ធ១ដប ទឹកសុីអ៊ីវ១យួរតូច ក្រមា១ ថវិកា៧ម៉ឺនរៀល ក៏រៀបចំជូនបបរគ្រឿងពិដារផងដែរ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងថ្លែងអំណរគុណចំពោះអ្នករៀបចំ និងឧបត្ថម្ភអំណោយទាំងនេះ ហើយបានរំលឹកពីពលិកម្មរបស់ឥស្សរជន វីរជន យុទ្ធជន យុទ្ធនារី និងប្រជាជនកម្ពុជាក្រោមទង់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបាននាំមកនូវជ័យជម្នះ៧មករា១៩៧៩ ។
គឺមានថ្ងៃនោះហើយ ដែលនាំអោយមានអ្វីៗដល់ថ្ងៃនេះ មានសុខសន្តិភាព ការអភិវឌ្ឍ ។

ឯកឧត្តម បន្តថា ៖ ហេតុនេះហើយបានជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឲ្យគ្រប់គ្នាអរគុណ សន្តិភាព ស្រឡាញ់សន្តិភាព ។
ហើយបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងក៏បានគាំទ្រ និងចូលរួមម៉ឺងម៉ាត់ថែរក្សា ការពារសន្តិភាព និងសមិទ្ធផលទាំងឡាយដែលរកបានដោយលំបាកទាំងនេះ ៕ធ.ដ

ដោយ៖ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner