រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់អះអាងថា អ៊ីរ៉ង់មិនមែនកំពុងបង្កជម្លោះ ឬធ្វើសង្គ្រាមជាមួយអាម៉េរិកឡើយ

អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ បានថ្លែងថា ប្រទេសរបស់លោកមិនមែនកំពុងបង្កជម្លោះ ឬធ្វើសង្រ្គាមជាមួយអាម៉េរិកឡើយ ខណៈការអះអាងបែបនេះ ធ្វើឡើងក្រោយកងទ័ពអ៊ីរ៉ង់បានបាញ់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ពអាម៉េរិកចំនួនពីរនៅអ៊ីរ៉ាក់ ។

ការកត់សម្គាល់បែបនេះរបស់លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ ត្រូវបានធ្វើឡើងក្រោយទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានចុះផ្សាយថា មូលដ្ឋានទ័ពអាម៉េរិក អេនអាល់អាស្សាដ នៅក្នុងខេត្ត អានបា និងមូលដ្ឋានទ័ពមួយទៀតនៅក្នុងទីក្រុង អឺប្រ៊ីល បានរងការវាយប្រហារដោយគ្រាប់មីស៊ីលជាង៣០គ្រាប់ ។ ប៉ុន្តែមន្ទីរបញ្ចកោណអះអាងថា មានតែ១៥គ្រាប់ប៉ុណ្ណោះ ហើយបើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយអាម៉េរិកនោះ មិនមានកងទ័ពអាម៉េរិកណាមួយបាត់បង់ជីវិតនោះទេ ។

បន្ទាប់ពីការវាយប្រហារខាងលើ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ក៏បានគំរាមធ្ងន់ៗផងដែរថា ខ្លួននឹងបើកការវាយប្រហារលើប្រទេសអេមីរ៉ាត់អារ៉ាប់ និង អីស្រាអែល ហើយអាចនឹងវាយប្រហារទ្រង់ទ្រាយធំទៅលើទឹកដីអាម៉េរិក បើសិនជាទីក្រុងវ៉ាស៊ីនតោនហ៊ានចាត់វិធានការសងសឹក ខណៈយន្ដហោះចម្បាំងអាម៉េរិក និងអ៊ីរ៉ង់ ត្រូវគេរាយការណ៍ថា កំពុងស្ថិតនៅក្រោមលក្ខណៈប្រុងជើងការកម្រិតខ្ពស់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner