មន្ទីរបញ្ចកោណអាម៉េរិកត្រូវបានអ៊ីរ៉ង់ដាក់បញ្ចូលក្នុងបញ្ជីខ្មៅ នៃអង្គការភេរវកម្មរបស់ខ្លួន
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ង់៖ សភាអ៊ីរ៉ង់បានសម្រេចកត់ឈ្មោះមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាម៉េរិកចូលក្នុងបញ្ជីខ្មៅនៃអង្គការភេរវកម្ម ក្រោយយោធាអាមេរិកបើកការវាយប្រហារតាមផ្លូវអាកាសសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់លោក កាស្សេម សូឡៃមេនី នៅលើទឹកដីអ៊ីរ៉ាក់កាលពីសប្តាហ៍មុន ។

បើតាមលទ្ធផលក្រោយការបោះឆ្នោតនៅក្នុងសភាជាតិរបស់ប្រទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារម្សិលមិញ មន្ត្រីទាំងអស់ដែលបម្រើការងារក្នុងមន្ទីរបញ្ចកោណ និង អង្គភាពដែលពាក់ព័ន្ធ ជាពិសេសមន្ត្រីយោធាអាម៉េរិកកំពូលៗដែលបានចូលរួមក្នុងប្រតិបត្តិការធ្វើឃាតលោក សូឡៃមេនី ត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីខ្មៅនៃអង្គការភេរវកម្ម ។

ស្របពេលជាមួយគ្នានោះដែរ សភាជាតិរបស់អ៊ីរ៉ង់ក៏បានសម្រេចឲ្យរដ្ឋាភិបាលបញ្ចេញថវិកា២២៣លានដុល្លារអាម៉េរិក ដើម្បីជំរុញសមត្ថភាពការពារជាតិ នៃកងកម្លាំងពិសេស Quds Force ស្ថិតក្រោមបញ្ជារបស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ IRGC ផងដែរ ៕ធ.ដ


