ក្រុមហ៊ុន Pfizer រំពឹងថាការលក់វ៉ាក់សាំងសម្រាប់ឆ្នាំ ២០២១ និង ២០២២ បាន ៦៥ ពាន់លានដុល្លារ
កាលពីថ្ងៃ អង្គារសប្ដាហ៌នេះ ក្រុមហ៊ុន Pfizer Inc បាននិយាយថា ខ្លួនរំពឹងថា ការលក់វ៉ាក់សាំងកូវីដ- ១៩ ឆ្នាំ ២០២១ ដែលខ្លួនបានបង្កើតជាមួយដៃគូអាល្លឺម៉ង់ BioNTech នឹងឈានដល់ ៣៦ ពាន់លានដុល្លារ ហើយព្យាករណ៍ថានឹងអាចរកបានប្រមាណ ២៩ ពាន់លានដុល្លារទៀតពីវ៉ាក់សាំងនៅឆ្នាំ ២០២២ ហើយវាលើសពីការប៉ាន់ស្មានរបស់អ្នកវិភាគសម្រាប់ទាំងពីរឆ្នាំ។
ក្រុមហ៊ុនផលិតថ្នាំរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនកំពុងស្វែងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវ៉ាក់សាំងបន្ថែមទៀតជាមួយបណ្តាប្រទេសនានាកំពុងអភិវឌ្ឍន៍នានា ដែលអាចជំរុញការលក់ឱ្យកើនឡើងកាន់តែខ្ពស់នៅឆ្នាំក្រោយ។ ក្រុមហ៊ុននេះ មានសមត្ថភាពផលិតវ៉ាក់សាំងបាន ៤ពាន់លានដូសក្នុងឆ្នាំ ២០២២ និងបានព្យាករណ៍ថា អាចនឹងលក់បាន ១,៤ ពាន់លានដូស។
យ៉ាងណាក៏ដោយ នាយកប្រតិបត្តិ Albert Bourla បាននិយាយថា គាត់មានការព្រួយបារម្ភថា ប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យម នឹងមិនធ្វើការបញ្ជាទិញវ៉ាក់សាំងនៅឆ្នាំក្រោយឱ្យបានឆាប់នោះទេ ហើយអាចនឹងទិញបានក្រោយប្រទេសអ្នកមាន។
ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនរំពឹងថា នឹងផ្តល់វ៉ាក់សាំងរបស់ខ្លួនយ៉ាងហោចណាស់ ១ ពាន់លានដូសដល់ប្រទេស ដែលមានប្រាក់ចំណូលទាប និងមធ្យមនៅឆ្នាំក្រោយ។ វ៉ាក់សាំងនេះ បាននាំមកនូវការលក់ប្រមាណ ១៣ ពាន់លានដុល្លារក្នុងត្រីមាសទី ៣ ។
លើសពីឆ្នាំ ២០២២ ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនរំពឹងថាទីផ្សារសម្រាប់វ៉ាក់សាំង នឹងរក្សាបានយូរ និងបន្តបង្កើតការលក់សម្រាប់ឆ្នាំខាងមុខ។

ប្រភព៖ Reuters