ខ្មាន់កាំភ្លើង ចាប់ជំរិតនិស្សិត និងបុគ្គលិកនៅសាកលវិទ្យាល័យក្នុងរដ្ឋធានីអាប៊ូហ្សារបស់នីហ្សេរីយ៉ា
មន្រ្តីនីហ្សេរីយ៉ានិយាយថា មនុស្សយ៉ាងហោចណាស់ ៦ នាក់ត្រូវបានខ្មាន់កាំភ្លើងចាប់ជំរិតចេញពីសាកលវិទ្យាល័យ Abuja កាលពីថ្ងៃអង្គារ ដែលរួមមានទាំងសិស្សនិស្សិត និងបុគ្គលិករបស់សាលាដែលជាការចាប់ជំរិតដ៏កម្រនៅស្ថាប័នធំសិក្សាមួយរបស់ប្រទេស។
សាកលវិទ្យាល័យនិយាយក្នុងសេចក្ដីថ្លែងការណ៍នៅលើទំព័រហ្វេសប៊ុកខ្លួនថា៖ «ជនសង្ស័យដែលជាក្រុមចោរ បានវាយប្រហារបុគ្គលិកនៃសាកលវិទ្យាល័យនៅព្រឹកថ្ងៃនេះ[អង្ការ]។ យើងមានរបាយការណ៍ថា បុគ្គលិករបស់យើងបួននាក់ និងកូនរបស់ពួកគេត្រូវបានចាប់ជំរិតយកទៅ»។
អ្នកនាំពាក្យប៉ូលិសលោក Josephine Adeh និយាយថា កងកម្លាំងសន្តិសុខកំពុងធ្វើប្រតិបត្តិការដើម្បីជួយសង្គ្រោះ។
ការចាប់ជំរិតចេញពីសាលារៀន និងការវាយប្រហារលើភូមិនានាជាថ្នូរនឹងការលោះគឺជារឿងធម្មតានៅភាគពាយព្យនៃប្រទេស ប៉ុន្តែការចាប់ជំរិតនៅតាមស្ថាប័នធំៗក្នុងរដ្ឋធានីគឺកម្រណាស់។ កងកម្លាំងសន្តិសុខរបស់នីហ្សេរីយ៉ាត្រូវបានដាក់ពង្រាយនៅកន្លែងជួរមុខជាច្រើន ដោយសារតែការកើនឡើងនៃភាពអនាធិបតេយ្យនៅភាគខាងជើង និងភាគពាយ័ព្យ និងការបះបោរប្រដាប់អាវុធរយៈពេល ១២ ឆ្នាំនៅភាគឦសាន ដែលសម្លាប់មនុស្សរាប់ពាន់នាក់។
កាលពីខែមុន ភ្នាក់ងារនីហ្សេរីយ៉ាបានជួយសង្គ្រោះមនុស្ស ១៨៧ នាក់ដែលត្រូវបានចាប់ជំរិត ក្នុងអំឡុងពេលវាយឆ្មក់លើជំរុំនៃក្រុមឧក្រិដ្ឋជនក្នុងព្រៃក្រាស់នៅរដ្ឋ Zamfara ជាកន្លែងដែលជនរងគ្រោះត្រូវបានចាប់ពង្រត់នៅក្នុងការវាយប្រហារដាច់ដោយឡែកពីកន្លែងផ្សេងៗគ្នា។
ការជួយសង្គ្រោះនេះ គឺជាផ្នែកមួយនៃប្រតិបត្តិការយោធារយៈពេលមួយសប្តាហ៍នៅក្នុងទីក្រុង Zamfara និងរដ្ឋភាគពាយ័ព្យផ្សេងទៀត ដែលរួមបញ្ចូលការផ្ដាច់សេវាទូរស័ព្ទដើម្បីរំខានដល់ការទំនាក់ទំនងរបស់ក្រុមចោរ។ ក្រុមនេះ ត្រូវបានគេដឹងថារក្សាជំរុំលាក់ខ្លួនក្នុងព្រៃដែលជាប់រដ្ឋ Zamfara រដ្ឋ Katsina រដ្ឋ Sokoto និង Kaduna។
សិស្សសាលារាប់រយនាក់ ត្រូវបានចាប់ជំរិតតាំងពីខែធ្នូ ហើយភាគច្រើនត្រូវបានដោះលែងបន្ទាប់ពីបានបង់ថ្លៃលោះ ប៉ុន្តែមនុស្សរាប់សិបនាក់នៅតែត្រូវជាប់ខ្លួន។

ប្រភព៖ Aljazeera