ពិព័រណ៍ការងារអនឡាញ (៤-៥វិច្ឆិកា) រៀបចំឡើងដោយភាពបត់បែន ប្រទាក់ក្រឡាដែលមានក្រុមហ៊ុនប្រមាណ ១០០ ចូលរួមតាំងបង្ហាញនិងបើកឱកាសការងារជាង ២ម៉ឺនកន្លែង
ភ្នំពេញ៖ ការជ្រើសរើសកម្លាំងពលកម្ម និងបើកឱកាសការងារ នៅក្នុងបរិបទគន្លងថ្មី នៃដំណើរការទីផ្សារការងារបានកំពុងបង្វែរទិស ទៅរកជម្រើសថ្មីមួយ ដែលអាចរក្សាបាននូវសុវត្ថិភាព, កាត់បន្ថយនូវហានិភ័យ, បំពេញតម្រូវការនៃសកម្មភាពធុរកិច្ច និងធានានូវសុខភាពរបស់អាជីវកម្ម និងកម្មករនិយោជិត។ ជាក់ស្តែង ពិព័រណ៍ការងារអនឡាញ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ត្រូវបានប្រារព្ធឡើងចំពេលវេលា ប្រកបដោយភាពបត់បែន ប្រទាក់ក្រឡា និងស្ថិតក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងនាមជាអន្តរការីនៃសេវាការងារ សំដៅជួយជំរុញដំណើរការ និងសម្របសម្រួលដល់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងទីផ្សារការងារ ឱ្យបន្តទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមា ពីការផ្តល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាល។
នេះជាការលើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងឱកាសឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីបើក «ពិព័រណ៍ការងារ និងផលិតភាពជាតិ អនឡាញ ឆ្នាំ២០២១» នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូអនឡាញ ដោយមានគេហទំព័រ www.careerfair.nea.gov.kh រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី ០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោងៈ ០៨:០០ នាទីព្រឹក ដល់ម៉ោង១៧:០០ នាទីល្ងាច។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង អះអាងថា ពិព័រណ៍នេះ បានខិតខំរិះរកវិធីកាន់តែមានប្រសិទ្ធភាព ស្របតាមតម្រូវការរបស់និយោជក និងអ្នកស្វែងរកការងារ ដើម្បីបង្កើតនូវបរិយាកាស ប្រកបដោយជីវភាព និងភាពឆ្លើយតបទាន់ពេលវេលា សំដៅពង្រីកវិសាលភាពការងារ និងការស្រូបយកកម្លាំងពលកម្ម ដែលមានសក្តានុពល និងជំនាញគ្រប់ប្រភេទ ចូលទៅក្នុងឱកាសការងារ ទំនេរគ្រប់វិស័យ។ ឯកឧត្តមបណ្ឌិតបានបន្តថា៖ពិព័រណ៍ការងារអនឡាញឆ្នាំនេះ មានការចូលរួមយ៉ាងសកម្ម ពីសំណាក់ក្រុមហ៊ុន សហគ្រាសនាំមុខគេសំខាន់ៗ រួមទាំង ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចំនួនប្រមាណ ១០០ ដែលបាននាំយកឱកាសការងារគ្រប់ប្រភេទ ប្រមាណ ២ម៉ឺនកន្លែង ដើម្បីផ្សព្វផ្សាយជ្រើសរើសកម្លាំងពលកម្ម ។
ពិព័រណ៍នេះ បានបង្កបរិយាកាសប្រាស្រ័យទាក់ទងគ្នា រវាងក្រុមហ៊ុន និងអ្នកចូលទស្សនា ឬអ្នកដាក់ពាក្យស្នើសុំការងារ បានពីគ្រប់ទីកន្លែង និងគ្រប់ប្រភេទ-មុខតំណែង ដោយផ្តល់ឱកាសការងារនៅមួយកន្លែង ងាយស្រួល និងចំណេញពេលវេលា ព្រមទាំងការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមក ចែករំលែកបទពិសោធន៍ ចំណេះដឹង មតិយោបល់ និងអនុសាសន៍ល្អៗ ពាក់ព័ន្ធនឹងការងារ អាជីព ជំនាញ ធនធានមនុស្ស និងការបណ្តុះផ្នត់គំនិតយល់ដឹង ពីការបង្កើន និងរក្សាផលិតភាពនៅក្នុងអំឡុងពេលរីករាលដាលនៃជំងឺ កូវីដ-១៩។
គួរបញ្ជាក់ថា ការផ្គូផ្គងការងារ, ការបញ្ជូនចូលការងារ និងការបំពេញតម្រូវការ ជ្រើសរើសកម្លាំងពលកម្ម គឺជាភារកិច្ចដ៏សំខាន់ ក្នុងការជួយជំរុញដំណើរការទីផ្សារការងារ ឱ្យប្រព្រឹត្តទៅដោយរលូន តម្លាភាព សមធម៌ ដោះស្រាយបញ្ហាទាន់ពេលវេលា បំព្រួញបញ្ហាប្រឈម និងពង្រីកឱកាសការងារសម្រាប់ទាំងអស់គ្នា។ ក្នុងន័យនេះ ពិព័រណ៍ការងារអនឡាញ នឹងបង្កើតជាវេទិកាប្រាស្រ័យទាក់ទងគ្នាពីចម្ងាយ, ធានាគម្លាតសុវត្ថិភាព, បញ្ជៀសហានិភ័យ និងប្រតិបត្តិការដោយគ្មានដែនកំណត់ ជូនដល់សាធារណជន ដើម្បីកាន់តែងាយស្វែងរក, ងាយចូលប្រើប្រាស់, ឆ្លើយតបឆាប់រហ័ស, ចំគោលបំណង និងសន្សំសំចៃការចំណាយ។
ពិព័រណ៍ការងារនេះ គឺជាការអនុវត្តស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការពង្រីកការបើកចំហឱកាសការងារ ដោយផ្តោតលើការយកចិត្តទុកដាក់ ក្នុងការជួយបែងចែកឱកាសទាំងនេះ ឱ្យបានទៅដល់សាធារណជនគ្រប់រូប ប្រកបដោយតម្លាភាព សមធម៌ និងការទទួលខុសត្រូវខ្ពស់ សំដៅប្រែក្លាយឱកាសការងារទាំង-អស់ ទៅជាមុខរបរកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេស ការគាំទ្រដល់ការបង្កើតប្រាក់ចំណូលក្នុងជីវភាពគ្រួសារ និងចៀសវាងការធ្លាក់ចូលក្នុងភាពគ្មានការងារធ្វើ ឬភាពក្រីក្រ។ សូមសិស្ស និស្សិត អ្នកស្វែងរកការងារ និងសាធារណជនចូលទស្សនា កម្មវិធីពិព័រណ៍ការងារ អនឡាញ
កុំឲ្យខកខានឲ្យសោះ៕ ដោយ/ វ៉េង លឹមហួត