បារាំងព្រមានថា ការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិកលើផលិតផលបារាំង នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ទំនាក់ទំនងប្រទេសទាំងពីរ
បារាំង៖ រាល់ការចាត់វិធានការសងសឹកប្រឆំាងច្បាប់ពន្ធថ្មីលើសេវាឌីជីថល តាមរយៈការដំឡើងពន្ធលើផលិតផលបារាំង អាចនឹងបំផ្លាញយ៉ាងជ្រៅដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរជាលក្ខណៈអចិន្ត្រៃយ៍ នេះបើតាមការព្រមានរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំង លោក ប្រ៊ុយណូ ឡឺ ម៊ែរ ។

រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងរូបនេះបាននិយាយយ៉ាងដូច្នេះថា បើសិនជាអាម៉េរិកដាក់ទណ្ឌកម្មប្រឆាំងច្បាប់ពន្ធថ្មីលើសេវាឌីជីថល… នោះយើងនឹងចាត់វិធានការឆ្លើយតបត្រឡប់ទៅវិញ លោកថា បើអាម៉េរិកពិតជាធ្វើបែបនេះមែន វាមានតែបំផ្លាញយ៉ាងជ្រៅដល់ទំនាក់ទំនងរវាងប្រទេសទាំង២ជាលក្ខណៈអចិន្ត្រៃយ៍ ហើយយើងនឹងយកសំណុំរឿងនេះឡើងអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។

ការព្រមានរបស់លោក ប្រ៊ុយណូ ឡឺ ម៊ែរ ខាងលើនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអាមេរិកបានគំរាមថា ខ្លួននឹងយកពន្ធរហូតដល់១០០ភាគរយលើផលិតផលនាំចូលពីបារាំង ក្នុងនោះរួមមានដូចជា ស្រាសំាប៉ាញ កាបូបយ្យួរដៃ និងផលិតផលបារាំងដទៃទៀតគិតជាសរុបមានតម្លៃជាង២.៤ពាន់លានដុល្លារ ក្រោយការស៊ើបអង្កេតរបស់អាម៉េរិករកឃើញថា ច្បាប់ពន្ធថ្មីលើសេវាឌីជីថលនៃរដ្ឋាភិបាលបារាំង បានបង្កការខូចខាតធ្ងន់ធ្ងរដល់កុ្រមហ៊ុនបច្ចេកវិទ្យាអាមេរិក មានទាំងក្រុមហ៊ុន Google និង Facebook ៕ធ.ដ


