នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់អំពាវនាវអោយមានកិច្ចពិភាក្សាដោយអត់ធ្មត់ បន្ទាប់ពីទើបរួចផុតពីការប៉ន់ប៉ងធ្វើឃាត

បាកដាដ៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក មូស្តាហ្វា អាល់កាឌីមី (Mustafa al-Kadhimi) នៅថ្ងៃអាទិត្យម្សិលមិញ បានរិះគន់ការប៉ុនប៉ងធ្វើឃាតដែលធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) សំដៅលើលំនៅដ្ឋានផ្លូវការរបស់លោក និងបានអំពាវនាវឱ្យមានការសន្ទនាដោយស្ងប់ស្ងាត់ ក្នុងចំណោមប្រជាជនអ៊ីរ៉ាក់ទាំងអស់ ដើម្បីអនាគតរបស់ប្រទេសជាតិ។

លោក អាល់កាឌីមី បានបញ្ជាក់នៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើទំព័រ Twitter ផ្លូវការរបស់លោកថា លោក និងកម្មករផ្សេងទៀតនៅឯគេហដ្ឋានរបស់លោកមានសុវត្ថិភាព ដោយលោកបានបន្ថែមថា កាំជ្រួចកំសាក និងយន្តហោះគ្មានមនុស្សបើកដែលកំសាក មិនបានកសាងមាតុភូមិ ឬអនាគត (សម្រាប់ប្រទេស) ហើយយើងកំពុងធ្វើការលើរឿងនេះ។ លោកបានសង្កត់ធ្ងន់ថា ដើម្បីកសាងមាតុភូមិរបស់យើង គឺត្រូវគោរពរដ្ឋ និងស្ថាប័នរបស់ខ្លួន និងបង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជនអ៊ីរ៉ាក់ទាំងអស់។ លោក អាល់កាឌីមី បាននិយាយនៅក្នុងសុន្ទរកថារបស់លោកដែលត្រូវបានចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់ផ្លូវការថា ខ្ញុំសូមអំពាវនាវឱ្យគ្រប់ភាគីទាំងអស់ងាកទៅរកការសន្ទនាដោយស្ងប់ស្ងាត់ ដើម្បីកសាងប្រទេសអ៊ីរ៉ាក់ និងអនាគតរបស់ខ្លួន។

សូមបញ្ជាក់ថា បើតាមយោធាអ៊ីរ៉ាក់ កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញ យន្តហោះដ្រូនបំពាក់គ្រឿងផ្ទុះមួយគ្រឿងបានវាយប្រហារលើគេហដ្ឋានរបស់នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ នៅក្នុងរដ្ឋធានីបាកដាដ។ ករណីនោះត្រូវបានអាជ្ញាធរចាត់ទុកជា ការប៉ុនប៉ងធ្វើឃាតលោកនាយករដ្ឋមន្រ្តី ប៉ុន្តែសំណាងល្អ លោក អាល់កាឌីមី បានគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះកើតឡើងចំពេលដែលចលនាបាតុកម្មនៅទីក្រុងបាកដាដ ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតសកល ក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែមុន បានឈានទៅផ្ទុះជាអំពើហិង្សា៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner