ប្រមុខការទូតចិនសាទរចំពោះការសម្រេចចិត្តវិលត្រឡប់មកវិញរបស់អ៊ីរ៉ង់ ដើម្បីចាប់ផ្តើមការចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥

ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ប្រទេសរបស់លោកស្វាគមន៍ការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការវិលត្រឡប់ទៅរកការចរចា សំដៅស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ នៅចុងខែវិច្ឆិកានេះ។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាមីរ៉ាប់ឌុលឡាហៀន (Hossein Amir Abdollahian) លោក វ៉ាង បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគួរតែចាត់វិធានការជាមុនសិន មុនពេលដែលអ៊ីរ៉ង់បន្តការអនុលោមតាមកិច្ចព្រមព្រៀង ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA)។ កិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រមុខការទូតចិន-អ៊ីរ៉ង់ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គៃ ឡារ៉ូវ ក៏បានបង្ហាញការគំាទ្រដល់ការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ឡើងវិញនៅក្រោមទម្រង់ដើមផងដែរ។ នៅក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះរវាងអ៊ីរ៉ង់ និងបណ្ដាប្រទេសលោកខាងលិចចំនួន៦ ទីក្រុងតេហេរ៉ង់បានយល់ព្រមរឹតត្បិតការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុប។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក៏ធ្លាប់បានបង្ហាញពីបំណងសា្ដរកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះឡើងវិញផងដែរ ប៉ុន្តែខាងអ៊ីរ៉ង់ថា អ្វីៗនឹងល្អប្រសើរទាល់តែសហរដ្ឋអាមេរិកដកទណ្ឌកម្មពីអ៉ីរ៉ង់ជាមុនសិន ខណៈកិច្ចប្រជុំស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នឹងចាប់ផ្ដើមជាថ្មីនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស៕ ប្រភព៖ CGTN

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner