ពិធីប្រកាសដាក់ឱ្យអនុវត្ត កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថល ក្នុងវិស័យទេសចរណ៍កម្ពុជា
ក្រសួងទេសចរណ៍, សហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា៤.០ បានរៀបចំ “ពិធីប្រកាសដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ។ ពិធីប្រកាសនោះបានធ្វើឡើង នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពរបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហ៊ុន ម៉ានី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និង រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ឯកឧត្តមបណ្ឌិត ថោង ខុន ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធចម្រុះ ចូលរួមផ្ទាល់ និងអនឡាញ ដោយមានវត្តមានអ្នកចូលរួមជាតិ និងអន្តរជាតិ ប្រមាណ ២៧២ នាក់។
កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណងឆ្លើយតបនឹងតម្រូវការនៃការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងបរិបទបច្ចុប្បន្ន ព្រមទាំងចូលរួមស្ដារកំណើនទេសចរណ៍ ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ វគ្គបណ្តុះបណ្តាលនេះនឹងចូលរួមអភិវឌ្ឍន៍ចំណេះ និងជំនាញឌីជីថល សម្រាប់បុគ្គលិកឯកជន ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ ក៏ដូចជាសម្រាប់មន្ត្រីទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកថោង ខុន បានមានប្រសាសន៍គូសបញ្ជាក់ពីសារៈសំខាន់នៃ “អក្ខរកម្មឌីជីថល” ដែលដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩ ព្រមទាំងចូលរួមពង្រឹងនិរន្តរភាព និងឧត្តមភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍ជាតិ តាមរយៈការទាញយកសក្តានុពលពីការប្រើប្រាស់បច្ចេកវិទ្យា បំរើដល់ការគ្រប់គ្រង និងការអភិវឌ្ឍ នៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០។ ជាក់ស្តែង បច្ចេកវិទ្យាកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងបានជ្រៀតចូលយ៉ាងជ្រៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាទំនាក់ទំនងរវាងកោសិកា គ្រប់ផ្នែក គ្រប់វិស័យនៃជីវភាពរស់នៅប្រចាំថ្ងៃ ដោយបានជះឥទ្ធិពលយ៉ាងខ្លាំងលើកត្តាផលិតកម្ម ឥរិយាបថនៃការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ រួមទាំងវិស័យទេសចរណ៍ផងដែរ។
ដើម្បីជំរុញយុទ្ធនាការអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡើងនូវអនុសាសន៍ ចំនួន ៣ រួមមាន៖ ទី១.បន្តរៀបចំវគ្គបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា ដោយផ្តោតលើអក្ខរកម្មមូលដ្ឋាន និងអក្ខរកម្មជំនាញ ឆ្លើយតបតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត ស្របតាមគន្លងប្រក្រតីភាពថ្មី និងបដិវត្តន៍ឧស្សាហកម្ម ៤.០, ទី២.ជំរុញឱ្យមានការទទួលយក និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ឱ្យបានទូលំទូលាយនៅក្នុងគ្រប់ខ្សែច្រវាក់តម្លៃនៃវិស័យទេសចរណ៍កម្ពុជា ទាំងក្នុងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់, ទី៣.ជំរុញការធ្វើទំនើបនីយកម្មមធ្យោបាយផ្ដល់ព័ត៌មានទេសចរណ៍ ទាំងសម្រាប់ទីផ្សារទេសចរណ៍អន្តរជាតិ និងទេសចរណ៍ផ្ទៃក្នុង ដោយប្រើប្រាស់ថ្នាលឌីជីថល។
ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមមតិយោបល់ចំនួន ៤ ចំណុច ដើម្បីជំរុញអក្ខរកម្មឌីជីថលនៅកម្ពុជា រួមមាន៖ ទី១.បន្តពង្រឹងការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាប់ពីការសិក្សានៅកម្រិតមូលដ្ឋាន មធ្យមសិក្សាទុតិយភូមិ, ទី២.បន្តជំរុញការស្រូបយក និងការសម្របខ្លួន ដោយបំផុសចលនាឱ្យប្រជាពលរដ្ឋគ្រប់រូបដែលជាកោសិកាសង្គម-សេដ្ឋកិច្ច និងជាតួអង្គដែលមិនអាចខ្វះបាន ត្រូវស្រូបយក និងសម្របខ្លួន ទៅនឹងបច្ចេកវិទ្យាថ្មីៗ ដោយចូលរួមវគ្គបណ្តុះបណ្តាលអក្ខរកម្ម និងអាចស្វែងរកធនធានបន្ថែមដែលមាននៅលើអ៊ីនធឺណិត, ទី៣.បន្តពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ ជាមួយវិស័យឯកជន និងគ្រឹះស្ថានអប់រំ ទាំងសាលាចំណេះទូទៅ សាលាវិជ្ជាជីវៈ និងសាកលវិទ្យាល័យ ដើម្បីបញ្ចូលការអប់រំផ្នែកបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ នៅក្នុងការបណ្តុះបណ្តាល ការតម្រង់ទិស និងការពង្រឹងសមត្ថភាព, ទី៤.បន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ពិសេសបណ្តាញព័ត៌មានវិទ្យា និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់នវានុវត្តន៍ និងការពង្រឹងចំណេះ និងជំនាញឌីជីថលនៅកម្ពុជា។ឯកឧត្តម ហ៊ុន ម៉ានី បានប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាល ព្រមទាំងបានប្រគល់សៀវភៅ “កម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា, “កម្រងសៀវភៅមេរៀនវគ្គបណ្តុះ បណ្តាលអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍កម្ពុជា”, និង “កម្រងអត្ថបទសិក្សា ស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា” ជូនតំណាងផ្នែកឯកជនក្នុងវិស័យទេសចរណ៍, សាលាវិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យ ដើម្បីទុកប្រើប្រាស់ និងដាក់តម្កល់ផ្សព្វផ្សាយនៅតាមបណ្ណាល័យ សម្រាប់បំរើដល់ការសិក្សាស្វែងយល់របស់សាធារណជន និងសិស្សនិស្សិត៕






