ប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារថ្មីទី១បានគូសបញ្ជាក់ថា មានសន្តិភាព ទើបប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋរស់នៅមានភាពសប្បូរសប្បាយរុងរឿង
ភ្នំពេញ ៖ ឯកឧត្តមស៊ាន វិសុទ្ឋ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខណ្ឌដូនពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ បានគូសបញ្ជាក់ថា មានសន្តិភាព ទើបប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ប្រជាពលរដ្ឋរស់នៅមានភាពសប្បូរសប្បាយរុងរឿង ។ នេះជាប្រសាសន៍លើកឡើងក្នុងពេលដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋ១១គ្រួសារ ក្នុងសង្កាត់ផ្សារថ្មីទី១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងារចុះជួយសង្កាត់ផ្សារថ្មីទី១ នារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ ។
លោកស្រី ស៊ី តូន ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ផ្សារថ្មីទី១ បានឱ្យដឹងថា ឱ្យតែមានរដូវបុណ្យទានក្រុមការងារតែងបានចែកជាអំណោយជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ពិសេសចុះជាប់និងដោះស្រាយអ្នកដែលមានជីវភាពទីទាល់ក្របានទាន់ពេលវេលា ។
ឯកឧត្តមស៊ាន វិសុទ្ឋ មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋសូមកុំមានការអស់សង្ឃឹមអោយសោះ ព្រោះថាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ពិសេសសម្តេចគតិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងបានគិតគូរយកចិត្តទុកដាក់គ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងបានចាត់ឱ្យមន្រ្តីនៅតាមមូលដ្ឋានទាំងអស់ ដោះស្រាយជូនឱ្យទាន់ពេលវេលា មិនឱ្យនណារម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះទេ ។ ឯកឧត្តមបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពឈ្លាសវៃ របស់សម្តេចនាយករដ្ឋមន្រ្តី គឺបាននាំឱ្យកម្ពុជាមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ប្រជាពលរដ្ឋរស់នៅមានភាពសប្បាយរុងរឿង ស្មើរមុខមាត់លើឆាកជាតិ-អន្តរជាតិ បើគ្មានសន្តិភាពទេ កម្ពុជាក៏គ្មានការអភិវឌ្ឍដូចសពថ្ងៃនេះដែរ ៕