បើគ្មានថ្ងៃ៧មករា ក៏គ្មានសន្តិភាពគ្មានការប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកថ្នាក់ជាតិនេះដែរ
បើគ្មានថ្ងៃ៧មករា ក៏គ្មានសន្តិភាព ក៏គ្មានការប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯកថ្នាក់ជាតិនេះដែរ នេះជាការលើកឡើងរបស់ឯ ឧ គៀត  ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុ ក្នុងពិធីបើកការប្រកួត ជ្រើសរើសជើងឯកថ្នាក់ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ ដែលមានការអញ្ជើញចូលរួមពី ឯ ឧ អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ។ 
  លោក ស៊ុន សុធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានអោយដឹងថា ការប្រកួតកីឡាវាយកូនឃ្លីលើតុ ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៩ នេះសហព័ន្ធបានរៀបចំ៧វិញ្ញាសា ដាក់អោយប្រកួត មានដូចជា១.ប្រកួតជាក្រុម បុរស ក១ អាយុចាប់ពី១៩ឆ្នាំឡើង ២.ឯកត្តជន ម្នាក់ទល់ម្នាក់ បុរសក១ ៣.ឯកត្តជន ម្នាក់ទល់ម្នាក់ បុរសក២ អយុចាប់ពី១៨ឆ្នាំចុះ ៤.វាយគូ បុរស ក១ ៥.វាយគូ យុវជន ក២ ៦.ឯកត្តជន ម្នាក់ទល់ម្នាក់ យុវនារី ក២ ។ មានសមាគម និងក្លឹបមកពីរាធានី-ខេត្តចូលរួមចំនួន១៣ ទី១.ក្លឹបក្រសួងមហាផ្ទៃ ក្លឹបរដ្ឋសភាសែនជ័យ ក្លឹបសាន់នីព្រីងធីង ក្លឹបសន្ធរម៉ុកថ្មី ក្លឹបដើមមៀន ក្លឹបខេត្តព្រះសីហនុ ក្លឹបអេលីហ្សា ក្លឹបខេត្តកំពត ក្លឹបស៊ីធីស្ពត ក្លឹបសាលារៀន អន្តរទ្វីប អាមេរិកកាំង (AIS) ក្លឹបអ៊ីនធើស្ពៃឌីហ្សាញ ក្លឹបអលស្តារ និងក្លឹបមិត្តសម្លាញ់ ។ សរុបកីឡាករ កីឡាការិនីមានចំនួន៧៩នាក់ បុរសក១ ចំនួន៤២ នាក់ យុវជន ក២ ២៥នាក់ និងយុវនារី ក២ ១១នាក់។
  ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធ កីឡាវាយកូនឃ្លីលើតុកម្ពុជា មានប្រសាសន៍ថា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាអាចមានវត្តមាន និងកំពង់តែបន្តភាពរីកចំរើននៅកម្ពុជាបានដូចបច្ចុប្បន្ននេះ គឺមិនអាចកាត់ផ្តាច់បានពីសមិទ្ធផល ៧មករា ១៩៧៩ឡើយ ពោលបើគ្មានថ្ងៃ៧មករា១៩៧៩ផ្តួលរលំរបបកម្ពុជាប្រធានធិបតេយ្យដែលកាន់អំណាចដោយប៉ុលពតអោយដួលរលំទាំងស្រុងនោះទេ កីឡាវាយកូនឃ្លីលើតុ និងប្រទេសកីឡាផ្សេងៗទៀតក៍មិនមានវត្តមាននៅលើទឹកដីកម្ពុជាដូចពេលនេះដែរ។
            លោក ថា កីឡាករការិនី និងប្រជាពលរដ្ឋជំនាន់ក្រោយទោះបីមិនបានឆ្លងកាត់ ប៉ុន្តែក៍បានជ្រាបដែរថា បើគ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ទេនោះក៍គ្មានថ្ងៃនេះ និងគ្មានសិទ្ធិសេរីភាព ពិសេស គឺគ្មានអ្វីៗទាំងអស់។ជាក់ស្តែងបើយើងរំលឹកឡើងវិញនៅក្នុងរបបប៉ុលពតតើមាននណាម្នាក់បានលេងកីឡាទោះបីកីឡាប្រភេទណាក៍ដោយ ហើយ សូមបីតែនិយាយពាក្យថាកីឡាក៍យើងមិនដែលលឺដែរ គឺបានត្រឹមតែលឺពាក្យថាអង្គការសំរ៉ុកប្តេជ្ញាសម្រេចផែនការមហាលោតផ្លោះមហាអស្ចារ្យតែប៉ុណ្ណោះ។ហេតុនេះ ការប្រកួតវាយកូនឃ្លីលើតុរៀបចំនាពេលនេះ គឺវាអាចកាត់ផ្តាច់បានពីសមិទ្ធផលថ្ងៃ៧ មករា ឆ្នាំ១៩៧៩ឡើយ។
        ឯកឧត្តម ប្រធានសហព័ន្ធ បញ្ជាក់ទៀតថា ក្នុងដំណាក់កាលចុងក្រោយនេះ អាស្រ័យដោយនយោបាយឈ្នះៗរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីប្រទេសជាតិយើងបានទទួលនូវសុខសន្តិភាពពេញបរិបូរណ៍ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យក្នុងនោះវិស័យកីឡាជាតិក៍មានការរីកចំរើនគួឲ្យកត់សម្គាល់ដោយនាំនូវកេត្តិយស និងកេត្យានុភាពជូនជាតិគួជាទីមោទនៈ ហើយក្នុងចំណោមប្រភេទកីឡាទាំងនោះ កីឡាវាយកូនឃ្លីលើតុក៍បានវិវឌ្ឍរីកចំរើនគួឲ្យចាប់អារម្មណ៍ផងដែរ។
        ការប្រកួតជើងឯកថ្នាក់ជាតិនេះ ក្រៅពីចូលរួមអបអរសាទរថ្ងៃ៧មករា២០២០ ក៍ជាការប្រកួតមួយដើម្បីចំរាញ់ជ្រើសរើសជើងឯកឆ្នាំ២០១៩ សំដៅរកឃើញកីឡាករការិនីឆ្នើមល្អៗសម្រាប់ការហ្វឹកហ្វឺនបន្ថែមត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិនានា ពិសេស ត្រៀមលក្ខណៈស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
        សូមបញ្ជាក់ថា ការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិនេះមានក្លិបចូលរួមប្រកួតចំនួន១៣ក្លិប ធ្វើការប្រកួតលើ៧វិញ្ញាសា សរុបកីឡាករការិនី៧៩នាក់ ក្នុងនោះបុរសក្របខណ្ឌក១៤២នាក់ យុវជនក២២៥នាក់ និងយុវនារីក២១១នាក់ ៕








