ពលរដ្ឋ៖ ចៅសង្កាត់ទួលសង្កែទី១ ឥរិយាបទ និងសម្ដីមហាសែនអាក្រក់មិនសមដឹកនាំ ខុសពីលោក សយ កុសល អតីតចៅសង្កាត់ចាស់

អត្ថបទដោយ៖
Kien Sereyvuth

(ភ្នំពេញ)៖ បើគ្មានការប្រែប្រួលទេ នៅពេលខាងមុខនេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងអញ្ជើញលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ មកសាកសួរ ពាក់ព័ន្ធរឿងប្រើឥរិយាបទមិនសមរម្យជាអ្នកដឹកនាំ ទៅលើប្រជាពលរដ្ឋ ដែលមកស្នើសុំបញ្ជាក់ឯកសារ (សេវាសាធារណៈ) ផ្សេងៗ ផ្ទុយពីអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានដាក់ចេញថា «មន្ត្រីរាជការ មិនមែនជាចៅហ្វាយនាយទេ ប៉ុន្តែមន្ត្រីរាជការ គឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»។

ការសម្រេចរបស់លោក ជា ពិសី បានធ្វើឡើងនៅល្ងាចថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ក្រោយពីលោកទទួលបានសេចក្ដីរាយការណ៍ ពីបញ្ហាមិនប្រក្រតីមួយចំនួន ពីអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ រស់នៅតាមបណ្ដាភូមិ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ដែលបានចាប់ផ្ដើមរអ៊ូរទាំតៗគ្នា ចំពោះឥរិយាបទមិនសមអ្នកដឹកនាំ និងសម្ដីសម្ដៅមហាសែនអាក្រកក់ របស់លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ និងលោកស្រី ជៀប សុខជា ចៅសង្កាត់រងទី២ សង្កាត់ទួលសង្កែទី១ ខុសពីការដឹកនាំរបស់លោក សយ កុសល អតីតចៅសង្កាត់ចាស់ មានតែស្នាមញញឹម រស់រាយរាក់ទាក់ ឥរិយាបទទន់ភ្លន់ ជាមួយប្រជាពលរដ្ឋ។

នៅថ្ងៃដដែលនេះ ក្រោយទទួលបានការរិះគន់តៗគ្នា ទៅលើលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ អំពីការប្រើឥរិយាបទមិនសមរម្យ គំរោះគំរើយមិនសមជាអ្នកដឹកនាំ ទៅកាន់ប្រជាពលរដ្ឋម្ចាស់ឆ្នោត និងដើម្បីស្រាយចម្ងល់ដ៍ស្មុគស្មាញនេះដែរ ភ្នាក់ងារព័ត៌មាន បានសុំការបកស្រាយដោយផ្ទាល់មាត់ ពីលោកស្រី រាជ ផាវឿន នៅសាលាសង្កាត់ទួលសង្កែទី១ ប៉ុន្តែលទ្ធលហួសចិត្ត និងពិបាកទទួលយកបាន នោះគឺមិនខុសពីការលើកឡើង របស់ប្រជាពលរដ្ឋឡើយ ពោលគឺត្រឹមអ្នកកាសែត ទៅសួរនាំគាត់ (ចៅសង្កាត់) បែរបញ្ចេញចរិតច្រងេងច្រង៉ាង អាងអំណាចប៉ុណ្ណឹងទៅហើយ ចុះទម្រាំប្រជាពលរដ្ឋស្លូតត្រង់ ធម្មតាៗ តើរងសំពាធបែបណាទៅវិញ?

ជាក់ស្ដែង នៅគ្រាដែលភ្នាក់ងារព័ត៌មាន ចូលទៅជម្រាបសួរ លោកស្រីចៅសង្កាត់ទួលសង្កែទី១ ដោយពុំទាន់ទាំងបានសាកសួរផង បែរជាលោកស្រីចៅសង្កាត់រូបនេះ បញ្ចេញឥរិយាបទមកទាំងទទឹងទិស គ្មានក្រមសីលធម៌ មិនសមជាអ្នកដឹកនាំសូម្បីបន្តិច ដោយលោកស្រី (ចៅសង្កាត់) និយាយថា៖ «ខ្ញុំស្គាល់ក្មួយឯងច្បាស់ ចង់សួរអីសួរមក បើមិនសួរចប់ ព្រោះគ្មានពេលទេ រវល់ណាស់» ធ្វើឲ្យលោកស្រី ជៀប សុខជា ចៅសង្កាត់រងទី២ សង្កាត់ទួលសង្កែទី១ ដែលមានអត្តចរិតកោងកាចដូចគ្នានិងចៅសង្កាត់នោះ ស្រែកបន្ទរបន្ថែមយ៉ាងគំរោះគំរើយថា៖ «មកពីណាពីណីនឹង» ខណៈដែលលោកស្រីចៅសង្កាត់រងរូបនេះ និងលោកស្រីចៅសង្កាត់ ទាំង២នាក់ កំពុងរវល់ទូទាត់រាប់លុយឡើងញាប់ដៃ។

យ៉ាងណាក៍ដោយ ប្រជាពលរដ្ឋ សូមស្នើឲ្យលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជួយចាត់វិធានការព្រមានយ៉ាងតឹងរឹង តាមការដឹកនាំរបស់សម្ដេចតេជោ ដែលបានដាក់ចេញថា៖ «មន្ត្រីរាជការ មិនមែនជាចៅហ្វាយនាយទេ ប៉ុន្តែមន្ត្រីរាជការ គឺជាអ្នកបម្រើពលរដ្ឋ ដោយភាពស្មោះត្រង់» ចំពោះលោកស្រី ជៀប សុខជា ចៅសង្កាត់រងទី២ សង្កាត់ទួលសង្កែទី១ និងលោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ដែលខុសគ្នាឆ្ងាយពីការដឹកនាំ របស់លោក សយ កុសល អតីតចៅសង្កាត់ចាស់ ប្រកបដោយស្នាមញញឹម រស់រាយរាក់ទាក់ ឥរិយាបទទន់ភ្លន់ ជាមួយប្រជាពលរដ្ឋ ក្រៅពីលោកយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈ និងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ ក្នុងមូលដ្ឋាន៕ ហាស់ កំសាន្ដ

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner