មេទ័ពកំពូលអ៊ីរ៉ង់ប្រចំានៅអ៊ីរ៉ាក់ត្រូវបានសម្លាប់ ដោយសារការផ្លោងគ្រាប់រ៉ុក្កែតបីគ្រាប់ធ្លាក់ចំអាកាសយានដ្ឋានអន្តរជាតិរបស់អ៊ីរ៉ាក់
អ៊ីរ៉ាក់៖ ប្រមុខកងអង្គភាពពិសេស (Quds Force) នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង លោកឧត្ដមសេនីយ៍ កាស្សេម សូឡៃមេនី រួមជាមួយមនុស្ស០៦នាក់ផ្សេងទៀតបានបាត់បង់ជីវិត ក្នុងការវាយប្រហារតាមផ្លូវអាកាសដឹកនាំដោយសហរដ្ឋអាមេរិក លើអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងបាកដាដ របស់ប្រទេសអ៊ីរ៉ាក់ ។
អ្នកនាំពាក្យកងជីវពលនៃកងកម្លាំងចលនាប្រជាជនគាំទ្រដោយអ៊ីរ៉ង់ គឺជាអ្នកទទួលស្គាល់ព័ត៌មានខាងលើ ជាមួយការបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលគឺជាអ្នកទទួលខុសត្រូវ ចំពោះការស្លាប់របស់លោកប្រមុខកងអង្គភាពពិសេសអ៊ីរ៉ង់ និងលោក អាប៊ូ ម៉ាហ៍ឌី អាល់មូហានឌីស ដែលជាមេបញ្ជាការរបស់អ៊ីរ៉ង់ ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមមន្ត្រី និងទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ាក់ក៏បានធ្វើសេចក្តីរាយការណ៍ពាក់ព័ន្ធនឹងការស្លាប់របស់មេបញ្ជាការកងទ័ពជាន់ខ្ពស់របស់អ៊ីរ៉ង់ទំាងពីររូបនេះផងដែរ ប៉ុន្តែខាងភាគីអ៊ីរ៉ង់នៅពុំទាន់ទទួលស្គាល់សេចក្ដីរាយការណ៍នេះនៅឡើយទេ ខណៈប្រភពផ្លូវការបន្តទៀត គឺត្រូវរង់ចាំការបញ្ជាក់ពីរដ្ឋាភិបាលអ៊ីរ៉ាក់ ៕



