ក្រុមទាហានប៉ារ៉ាឥណ្ឌារងការវាយប្រហារ នៅក្បែរព្រំដែនមីយ៉ាន់ម៉ា
កាលពីថ្ងៃសៅរ៍កន្លងទៅ កងកម្លាំងទាហានប៉ារ៉ាឥណ្ឌា Assam Rifles រងការវាយប្រហារនៅរដ្ឋ Manipur ស្ថិតនៅភាគឦសានឥណ្ឌាជាប់ព្រំដែនមីយ៉ាន់ម៉ា ហើយវាបណ្ដាលឱ្យមនុស្សចំនួន ៧នាក់បានបាត់បង់ជីវិត ដោយក្នុងនោះក៏មានមេបញ្ជាការកងវរសេនាតូចមួយរូប និងប្រពន្ធ និងកូនប្រុសអាយុ ៦ឆ្នាំរបស់លោក ក៏ដូចជាទាហានប៉ារ៉ាចំនួន ៤រូបផ្សេងទៀត ហើយរបួសមួយចំនួនទៀត។
ប្រភពមកពីយោធាឥណ្ឌាបានឱ្យដឹងថា មេបញ្ជាការកងវរសេនាតូចលោក Viplap Tripathi ក្រុមគ្រួសារលោក និងទាហានមួយក្រុមបានធ្វើដំណើរក្នុងក្បួនយានយន្តមួយពីប៉ុស្តិ៍បញ្ជាការមួយនៅព្រំដែនមីយ៉ាន់ម៉ា ទៅកាន់ទីបញ្ជាការកងវរសេនាតូចកាលពីយប់ថ្ងៃសុក្រ។
ជាអកុសល ក្បួននេះត្រូវបានរងការវាយប្រហារ ដោយឧបករណ៍បំផ្ទុះ ហើយបន្ទាប់មកក៏មានការផ្ទុះអាវុធបាញ់ដាក់គ្នាទៅវិញទៅមក។
ក្រុមសកម្មប្រយុទ្ធកងទ័ពរំដោះប្រជាជន Manipur និងរណសិរ្សប្រជាជន Naga Manipur បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួនជាអ្នកប្រព្រឹត្តិរឿងនេះ តែកងកម្លាំងរបស់ខ្លួនមិនបានដឹងមុនថា មេបញ្ជាការរូបនេះបានធ្វើដំណើរជាមួយគ្រួសារឡើយ។
មិនទាន់មានហេតុផលច្បាស់លាស់ណាមួយបញ្ជាក់អំពីឧបទ្ទវហេតុនេះទេ តែបើតាមសារព័ត៌មាន The Hill កងកម្លាំងទាហានប៉ារ៉ាក្រុមរបស់លោក Tripathi ធ្លាប់ធ្វើការបង្ក្រាបការរត់គ្រឿងញៀនខុសច្បាប់ជាច្រើនដងមកហើយ កាលពីអតីតកាល៕

ប្រភព៖ The HINDU