ចក្រភពអង់គ្លេសប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មជាមួយ EU លើកិច្ចព្រមព្រៀងអៀរឡង់ខាងជើង
ជាថ្មីម្ដងទៀតអៀរឡង់ខាងជើងបានក្លាយជាចំណុចកណ្ដាលនៃភាពតានតឹងក្រោយ Brexit រវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បន្ទាប់ពីភាគីទាំងសងខាងបោះពាក្យសំដីទៅវិញទៅមក មុនពេលសន្យាពង្រឹងការចរចា។
នាយករដ្ឋមន្ត្រីអង់គ្លេសលោកបូរីស ចនសុន (Boris Johnson)និងរដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុកការចាកចេញពីសហភាពអឺរ៉ុបលោកដេវីឌ ហ្វ្រស្ត (David Frost) បានរិះគន់កិច្ចព្រមព្រៀងអៀរឡង់ខាងជើងថាមិនមានប្រសិទ្ធភាពនៅក្នុងកំណែបច្ចុប្បន្ន ហើយបានធ្វើការទាមទារឱ្យមានការកែទម្រង់មួយចំនួន។
កិច្ចព្រមព្រៀងអៀរឡង់ខាងជើង គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit ដើម្បីរក្សាដែនដីអៀរឡង់ខាងជើងរបស់ចក្រភពអង់គ្លេសនៅក្នុងទីផ្សារតែមួយរបស់ EU ដោយជៀសវាងព្រំដែនរឹងជាមួយសាធារណរដ្ឋអៀរឡង់។
កាលពីសប្ដាហ៍មុននៅទីក្រុងប្រ៊ុចសែលលោកហ្រ្វស្តបានព្រមានថាប្រសិនសហភាពអឺរ៉ុបមិនធ្វើតាមការទាមទាររបស់អង់គ្លេស នោះរដ្ឋាភិបាលលោកចនសុននឹងប្រើប្រាស់មាត្រា ១៦ នៃកិច្ចព្រមព្រៀង ដែលអនុញ្ញាតឱ្យភាគីណាមួយចាត់វិធានការ «ការពារ» ជាឯកតោភាគី ប្រសិនបើពូកគេគិតថាកិច្ចព្រមព្រៀងនេះបាននាំទៅរក «ការលំបាកធ្ងន់ធ្ងរខាងសេដ្ឋកិច្ច សង្គម ឬបរិស្ថាន» ឬ «ការបង្វែរពាណិជ្ជកម្ម»។
និយមន័យវិធានការ «ការពារ» ក្រោមមាត្រា ១៦ គឺមិនត្រូវបានបញ្ជាក់ច្បាស់លាស់ក្នុងកិច្ចព្រមព្រៀងទេ។ អ្នកវិភាគមួយចំនួនបានគិតថាវិធានការដែលភាគីទាំងសងខាងអាចធ្វើរួមមានវិធានការកំណត់កូតា និងវិធានការពន្ធនាំចូល ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម។ ប៉ុន្តែមុនអនុម័តវិធានការណាមួយត្រូវឆ្លងកាត់ដំណើរការមជ្ឈត្តកម្ម (អាជ្ញាកណ្ដាល)។
ការទាមទាររបស់ចក្រភពអង់គ្លេសរួមមាន ការដកតុលាការយុត្តិធម៌អឺរ៉ុបចេញពីតួនាទីនិយតកម្មណាមួយនៅក្នុងកិច្ចព្រមព្រៀង និងការកាត់បន្ថយការត្រួតពិនិត្យ និងឯកសារសម្រាប់ទំនិញដែលផ្លាស់ទីរវាងអង់គ្លេសដីគោក និងអៀរឡង់ខាងជើង។
ប៉ុន្តែសហភាពអឺរ៉ុបនៅតែប្រកាន់ជំហរតឹងរ៉ឹងថាចក្រភពអង់គ្លេសមិនអាចធ្វើការចរចាឡើងវិញនូវកិច្ចព្រមព្រៀង ដែលលោកចនសុន និងលោកហ្វ្រស្ដទើបតែយល់ព្រមកាលពី១១ខែមុន ដើម្បីបញ្ចៀសសេណារីយ៉ូនៃការចាកចេញពីសហភាពអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ សហភាពអឺរ៉ុបបានបង្ហាញសញ្ញាថាខ្លួននឹងប្រកាន់ជំហរកាន់តែតឹងរ៉ឹងជាងមុនទៅទៀតជុំវិញបញ្ហានេះ។
កាលពីថ្ងៃសុក្រលោកហ្វ្រស្ត បានជួបជាថ្មីម្ដងទៀតជាមួយអនុប្រធានគណៈកម្មការអឺរ៉ុបលោកម៉ារូស សេហ្វកូវីក ដែលជាជំនួបទីបួនរវាងអ្នកទាំងពីរក្នុងរយៈពេលមួយខែចុងក្រោយនេះ។ ការអត្ថាធិប្បាយរបស់ពួកគេក្រោយជំនួប បានបង្ហាញថាភាគីទាំងសងខាងមិនចង់បោះបង់ចោលការពិភាក្សាទេ និងមិនចាប់ផ្ដើមសង្គ្រាមពាណិជ្ជកម្មនៅពេលភ្លាមៗទេ។
លោកហ្វ្រស្តនិយាយថា «ចន្លោះប្រហោងធំ» គឺនៅតែមាន ហើយទីក្រុងប្រ៊ុចសែលត្រូវដោះស្រាយ «បញ្ហាដ៏ទូលំទូលាយ» ដែលបានលើកឡើងដោយអង់គ្លេស។ ប៉ុន្តែលោកបានយល់ព្រមថា កិច្ចពិភាក្សាកាន់តែខ្លាំងនឹងធ្វើឡើងនៅទីក្រុងប្រ៊ុចសែលនៅសប្តាហ៍ក្រោយ។
លោកសេហ្វកូវីកបានស្វាគមន៍អ្វីដែលលោកហៅថា «ការផ្លាស់ប្ដូរសំឡេងនៃការពិភាក្សាជាមួយ ដេវីឌ ហ្វ្រស្ត» ហើយនិយាយថាលោកសង្ឃឹមថានេះនឹង «នាំទៅរកលទ្ធផលជាក់ស្តែងសម្រាប់ប្រជាជននៅអៀរឡង់ខាងជើង»។
យ៉ាងណាមិញការបោះសំដីទៅវិញទៅមកបានបង្កើតការភ័យខ្លាចចំពោះភាពចលាចល ដែលទាក់ទងនឹង Brexit បន្ថែមទៀត ខណៈពេលដែលរដ្ឋាភិបាលអភិរក្សនិយមរបស់ចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកំពុងកាន់តែធ្ងន់ធ្ងរឡើងដោយសារជំងឺរាតត្បាត កូវីដ-១៩។
ភាពតានតឹងនេះបានកើតឡើងចំពេលដែលជម្លោះផ្ទុះឡើងរវាងអង់គ្លេស និងបារាំងជុំវិញសិទ្ធនេសាទ។ ប្រទេសបារាំងបានដាក់សម្ពាធទៅលើចក្រភពអង់គ្លេសឱ្យចេញអាជ្ញាប័ណ្ណឱ្យទូកនេសាទបារាំង ដោយធ្វើការឆែកឆេរទូកនេសាទអង់គ្លេសក្នុងដែនទឹក រួមទាំងផាកពិន័យ និងឃុំទូកណាដែលគ្មានអាជ្ញាប័ណ្ណបារាំង។ ក្រុងប៉ារីសក៏បានគំរាមដាក់ទណ្ឌកម្មលើអង់គ្លេសជុំវិញបញ្ហានេះផងដែរ។ អ្នកវិភាគមួយចំនួនគិតថាសកម្មភាពទាំងនេះគឺជាសាររបស់បារាំងទៅកាន់អង់គ្លេសថាខ្លួនហ៊ានធ្វើគ្រប់វិធានការដើម្បីសម្រេចគោលដៅរបស់ខ្លួន៕

ប្រភព៖ CNN