ព្រឹត្តិការណ៍ប្រកួតប្រដាល់សកល Ultimate Boxing Championship រកឃើញជើងខ្លាំង២រូប ប្រជែងតំណែងម្ចាស់ប្រាក់លាន
កីឡាករវី សុភ័ស និង ទូច ដេវីត គឺជាបេក្ខភាពដណ្តើមប្រាក់លាន ក្នុងកម្មវិធីប្រដាល់សកល Ultimate Boxing Championship នាថ្ងៃ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ថា កីឡាករ វី សុភ័ស ឈរលេខ១ ឈ្នះ៣ប្រកួត មាន៩ពិន្ទុ នឹងត្រូវប្រកួតជាមួយកីឡាករ ទូច ដេវីដ ឈរលេខ២ ដោយ៣ប្រកួត ឈ្នះ២ និងចាញ់១ មាន៧ពិន្ទុ ឡើងប្រជែងម្ចាស់ដំណែងជើងឯកគូដណ្តើមប្រាក់វគ្គផ្តាច់នៅសប្តាហ៍បញ្ចប់ ព្រឹត្តិការណ៍ប្រចាំ ឆ្នាំ២០២១ ។
អគ្គលេខាធិការរូបនេះ គូសបញ្ជាក់ទៀតថា សម្រាប់ សប្តាហ៍ចុងក្រោយ សហព័ន្ធកំពុងរៀបចំការផ្គូរផ្គងកីឡាករខ្លាំងៗ ដើម្បីអោយការប្រកួតកាន់តែទាក់ទាញបន្ថែមទៀត ស្វែងរកការគាំទ្រពីមហាជន សម្រាប់វិស័យកីឡាប្រដាល់សកលកម្ពុជា ។ ជាមួយគ្នានោះ សហព័ន្ធក៏កំពុងរៀបចំការប្រកួតផ្នែកនារី នឹងស្នើសុំសហការពីសហព័ន្ធប្រដាល់គុនខ្មែរ ។ លោកអគ្គលេខាធិការបន្ថែមថា ចក្ខុវិស័យរបស់សហព័ន្ធ បាញ់ឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
គួរបញ្ជាក់ថា សម្រាប់លទ្ធផល ការប្រកួតសប្តាហ៍ទី៥ គូដណ្តើមប្រាក់លានលើប្រភេទទម្ងន់ ៦៣,៥គីឡូក្រាម មាន៣ប្រកួត វី សុភ័ស បានយកឈ្នះ ម៉ាង ព្រហ្មម៉ាញ ក្នុងទឹកទី២ ។ គូទី២ ម៉ាង ព្រហ្មម៉ាញ ដែលប្រកួតសន្សំពិន្ទុ បានគណៈកម្មការបច្ចេកទេស ផ្តល់ឱ្យសែត សារឹត ឈ្នះដោយស្វ័យប្រវត្តិ ។ សម្រាប់ប្រកួតទី៣ វី សុភ័ស បន្តយកឈ្នះដោយពិន្ទុ លើកីឡាករ ទូច ដេវីត ហើយកីឡាករទាំង២ ត្រូវឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នាចុងខែវិច្ឆិកានេះ ដែលជាសប្តាហ៍ចុងក្រោយ នៃព្រឹត្តិការណ៍ Ultimate Boxing Championship ប្រចាំឆ្នាំ២០២១ ។ ក្រៅពីការប្រកួតគូដណ្តើមប្រាក់លាននេះ ក៏មាន៣ប្រកួតផ្សេងទៀតផងដែរ សម្រាប់សប្តាហ៍ទី៥ មានគូពិសេស និងគូឯករងផងដែរ ៕







