សម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន ពិភាក្សាគ្នាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការតំបន់និងអន្តរជាតិ

ភ្នំពេញៈប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការតំបន់ និងអន្តរជាតិផងដែរ។ កិច្ចពិភាក្សានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ តាមប្រព័ន្ធវីដេអូ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីជំនួបចប់ថា ក្នុងក្របខណ្ឌទ្វេភាគី សម្ដេចតេជោ និងឯកឧត្តម លី ខឺ ឈាង បានពិភាក្សាគ្នាលើបញ្ហាសេដ្ឋកិច្ច,ពាណិជ្ជកម្ម,កសិកម្ម និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ពាក់ព័ន្ធនឹងករណីនេះ សម្ដេចតេជោ និងឯកឧត្តម លី ខឺឈាង បានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យបានកើនឡើងដល់១០ពាន់លានដុល្លារក្នុងមួយឆ្នាំ និងបានឯកភាពគ្នាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា-ចិន នៅខែមករាខាងមុខនេះ។

ដោយឡែកលើវិស័យកសិកម្ម ឯកឧត្តម លី ខឺឈាង បានយល់ស្របនឹងជំរុញឱ្យមានការធ្វើការរួមគ្នារវាងភាគីទាំងពីរ ធ្វើយ៉ាងណាពិភាក្សាចរចាគ្នាលើកូតានាំអង្ករចូលទៅប្រទេសចិន នាំកសិផលកម្ពុជាចូលទៅប្រទេសចិនដោយផ្ទាល់តែម្តងតាមរយៈការបង្កើតយន្តការរួមគ្នាមួយពិនិត្យមើលលទ្ធផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជាទៅប្រទេសចិន គប្បីទាក់ទាញធ្វើឱ្យការនាំចេញនេះ គឺនាំចេញផ្ទាល់ទៅប្រទេសចិនតែម្ដង។

ពាក់ព័ន្ធការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោ និងឯកឧត្តម លី ខឺឈាង បានឯកភាពគ្នាថា ភាគីចិននឹងបន្តជួយដល់កម្ពុជាផ្ដល់ជូនកម្ពុជានូវវ៉ាក់សាំងជួយទប់ស្កាត់កូវីដ-១៩ ហើយរយៈពេលដ៏ខ្លីខាងមុខនេះ ចិននឹងផ្ដល់វ៉ាក់សាំងដល់កម្ពុជា ក៏ដូចជាជំនួយពាក់ព័ន្ធនឹងវិស័យសុខាភិបាល និងពេទ្យព្យាបាលជំងឺកូវីដ-១៩ដល់កម្ពុជាផងដែរ។ ទន្ទឹមនេះភាគីចិននឹងផ្ដល់អាហារូបករណ៍ដល់កម្ពុជាសម្រាប់ឆ្នាំ២០២២-២០២៣ ចំនួន ៥០០កន្លែងសម្រាប់រយៈពេល៥ឆ្នាំ ហើយក៏កំពុងពិនិត្យពិចារណាមើលផងដែរដើម្បីបើកឱ្យនិស្សិតកម្ពុជាបានត្រឡប់ទៅបន្តការសិក្សានៅប្រទេសចិនវិញនៅពេលឆាប់ខាងមុខនេះ។
ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការតំបន់ និងអន្តរជាតិ ឯកឧត្តមលី ខឺឈាង បានគោរពជម្រាបជូនសម្ដេចតេជោថា ភាគីចិននឹងចូលរួមប្រជុំអាស៊ីអឺរ៉ុបនៅពេលខាងមុខ នឹងផ្ដល់ការគាំទ្រជំនួយដល់កម្ពុជាក្នុងឱកាសដែលកម្ពុជាធ្វើជាប្រធានអាស៊ាននាឆ្នាំក្រោយនេះ៕
ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner