នាយករដ្ឋមន្ត្រីប៉ូឡូញទាមទារ «ជំហានជាក់ស្ដែង» ពីណាតូ ដើម្បីដោះស្រាយវិបត្តិនៅព្រំដែនបេឡារូស

កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​១៤ វិច្ឆិកា​នាយករដ្ឋមន្ត្រី​ប្រទេស​ប៉ូឡូញ​បាន​និយាយ​ថា​អង្គការ​ណាតូ​ត្រូវ​តែ​បោះ​ «ជំហាន​ជាក់​ស្ដែង​» ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នៅ​ព្រំដែន​បេឡារូស ដោយ​បន្ថែម​ទៀត​ថា​ប៉ូឡូញ លីទុយអានី និង​ឡាតវី​អាច​ស្នើ​សុំ​ការ​ពិគ្រោះ​យោបល់​ក្រោម​សន្ធិសញ្ញា​សម្ព័ន្ធភាព​។

ជន​អន្តោប្រវេសន៍​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បេឡារូស​ក្នុង​បំណង​ធ្វើ​អន្តោប្រវេសន៍​ទៅ​រស់​នៅ​ក្នុង​សហភាព​អឺរ៉ុប​ តាម​ច្រក​ព្រំដែន​ប្រទេស​ប៉ូឡូញ លីទុយអានី និង​ឡាតវី​។ ប៉ុន្តែ​ពួកគេ​បាន​ជាប់​ក្នុង​តំបន់​ស​ បន្ទាប់​ពី​ប្រទេស​ទាំង​នេះ​បាន​ដាក់​ពង្រាយ​ទាហាន​ជាង​មួយ​ម៉ឺន​នាក់ ដើម្បី​រារាំង​មិន​ឱ្យ​ពួកគេ​ឆ្លង​កាត់​។ សហភាព​អឺរ៉ុប​បាន​ចោទប្រកាន់​ប្រទេស​បេឡារូស​ថា​ជា​អ្នក​រៀប​ចំ​ឱ្យ​មាន​វិបត្តិ​នេះ​ ​ជា​ការ​សងសឹក​នឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​ខ្លួន​ ប៉ុន្តែ​ប្រទេស​បេឡារូស​បាន​ច្រាន​ចោល​ការ​ប្រកាន់​នេះ​។

លោក​នាយករដ្ឋមន្ត្រី​​ម៉ាតេអូស ម៉ូរ៉ាវីស្គី​បាន​ប្រាប់​សារព័ត៌មាន​រដ្ឋ​ប៉ូឡូញ​ថា​៖ «វា​មិន​គ្រប់គ្រាន់​សម្រាប់​ពួក​យើង​គ្រាន់​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​យើង​ជា​សាធារណៈ​នោះ​ទេ ឥឡូវ​នេះ​យើង​ត្រូវ​ការ​ជំហាន​ជាក់ស្ដែង និង​ការ​ប្ដេជ្ញា​ចិត្ត​នៃ​សម្ព័ន្ធ​ភាព​ទាំង​មូល​»។

ក្រោម​មាត្រា​ ៤ នៃ​សន្ធិសញ្ញា​អង្គការ​ណាតូ ប្រទេស​ជា​សមាជិក​អាច​ស្នើ​ធ្វើ​ការ​ពិគ្រោះ​យោបល់​នៅ​ពេល​ណា​ក៏​បាន​ ប្រសិន​បើ​តាម​មតិ​របស់​ពួកគេ បូរណភាព​ទឹកដី ឯករាជ្យ​ភាព​នយោបាយ ឬ​សន្តិសុខ​របស់​ពួកគេ​ត្រូវ​បាន​គំរាមកំហែង​។

លោក​ម៉ូរ៉ាវីស្គី​បាន​និយាយ​ថា​មេដឹកនាំ​សហភាព​អឺរ៉ុប​នឹង​ពិភាក្សា​អំពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​បេឡារូស​ រួម​ទាំង​ការ​បិទ​ព្រំដែន​ទាំង​ស្រុង​។ ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​លោក​ចូសិប បូរេល​ត្រូវ​បាន​គេ​ដក​ស្រង់​សំដី​និយាយ​ថា​សហភាព​អឺរ៉ុប​នឹង​ពង្រីក​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​បេឡារូស​ ដើម្បី​រួម​បញ្ចូល​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាកាសចរណ៍ និង​ភ្នាក់ងារ​ទេសចរណ៍ ដែល​គេ​គិត​ថា​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​ជន​អន្តោប្រវេសន៍​ក្នុង​វិបត្តិ​នេះ​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner