សន្ទស្សន៍នៃការគាំទ្រលោកបៃដិនបន្តធ្លាក់ចុះ ចំពេលមានវិបត្តិអតិផរណា
ជំនួយការលោកចូ បៃដិន (Joe Biden) ចូលរួមក្នុងកម្មវិធីពិភាក្សានយោបាយកាលពីថ្ងៃអាទិត្យក្នុងគោលបំណងដើម្បីពិភាក្សាអំពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បើទោះបីជាទំនុកចិត្តលើប្រធានាធិបតីរូបនេះនៅតែបន្តធ្លាក់ចុះចំពេលមានវិបត្តិលើអតិផរណា និងបញ្ហាលើចង្វាក់ផ្គត់ផ្គង់ក៏ដោយ។
ការស្ទង់មតិរបស់ Washington Post/ABC ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ បង្ហាញថា មានតែអ្នកបោះឆ្នោត ៤១ ភាគរយប៉ុណ្ណោះដែលគាំទ្រលោក Biden ដែលជាការបន្តធ្លាក់ចុះជាលំដាប់លើការវាយតម្លៃប្រធានាធិបតីរូបនេះ។
តួលេខថ្មី ដែលចេញផ្សាយក្រោយជ័យជំនះលើការអនុម័តកញ្ចប់ថវិកាផែនការហេដ្ឋារចនាសម្ព័ន្ធ ១,២ ទ្រីលានដុល្លារ និងសុទិដ្ឋិនិយមលើការរំពឹងទុកចំពោះកញ្ចប់ចំណាយសង្គម ១,៧ ទ្រីលានដុល្លារ គឺជាការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់គណបក្សប្រជាធិបតេយ្យដែលនៅសល់ពេលតិចជាងមួយឆ្នាំដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិខាងមុខនេះ។
ជាមួយគ្នានោះ តួលេខបង្ហាញថា មានតែ ៣៩ ភាគរយនៃអ្នកឆ្លើយតបប៉ុណ្ណោះ ដែលគាំទ្រការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក Biden ដោយទំនុកចិត្តរបស់ពួកគេត្រូវរង្គោះរង្គើក្រោមកំណើនអតិផរណាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៣០ ឆ្នាំ និងវិបត្តិខ្សែចង្វាក់ផ្គត់ផ្គង់ដែលគំរាមកំហែងដល់តម្លៃចំណីអាហារ និងរបស់ចាំបាច់ផ្សេងៗទៀត ខណៈរដូវវិស្សមកាលកាន់តែខិតជិតមកដល់។
នាយកដ្ឋានការងាររបស់រដ្ឋាភិបាល រាយការណ៍កាលពីសប្តាហ៍មុនថា តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកកើនឡើងក្នុងអត្រាប្រចាំឆ្នាំ ៦,២ ភាគរយក្នុងខែតុលា ដែលជាការកើនឡើងដ៏ធំបំផុតចាប់តាំងពីឆ្នាំ ១៩៩០ ។ តម្លៃថាមពល និងអាហារកាន់តែខ្ពស់ ប៉ះពាល់ដល់អ្នកប្រើប្រាស់ច្រើនបំផុត ដោយការចំណាយរបស់អ្នកប្រើប្រាស់មានចំនួន ៧០ ភាគរយនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
យ៉ាងណាមិញ អ្នកស្រី Janet Yellen លេខាធិការរតនាគារ និងលោក Brian Deese នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ព្យាយាមធានាអ្នកបោះឆ្នោតឡើងវិញថា គោលនយោបាយរបស់លោក Biden ធ្វើឱ្យសហរដ្ឋអាមេរិកដើរនៅលើផ្លូវត្រូវ ចំពេលមានការព្រមានអំពីអតិផរណាឆ្នាំក្រោយថានឹងនៅតែបន្តក្នុងកម្រិតខ្ពស់។
អ្នកស្រី Yellen និយាយថា៖ «យើងនឹងនៅតែមានការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចដែលនឹងមានភាពរឹងមាំ និងគាំទ្រដល់កំណើនជាបន្ត។ យើងគាំទ្រពីការឈប់សម្រាកដែលមានប្រាក់ខែ ហើយវាជាអ្វីដែលយើងនឹងព្យាយាមបង្កើតច្បាប់នាពេលអនាគត»។ លោកស្រីបន្តថា៖ «ប៉ុន្តែមានថវិកាក្នុងកញ្ចប់នេះ ដែលនឹងធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់មនុស្សធ្វើការ និងថែទាំសមាជិកគ្រួសារក្នុងពេលតែមួយ»។
អ្នកស្រី Yellen ស្តីបន្ទោសកូវីដ-១៩ចំពោះបញ្ហាអតិផរណាដ៏អាក្រក់បំផុត និងបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ ហើយព្យាករណ៍ថា តម្លៃទំនិញទំនងជានឹងត្រឡប់ទៅធម្មតានៅឆមាសទីពីរឆ្នាំក្រោយ ប្រសិនបើអាមេរិកយកឈ្នះជំងឺរាតត្បាត។ លោកស្រីនិយាយថា៖ «ប្រសិនបើយើងចង់ឱ្យអតិផរណាធ្លាក់ចុះ ការបន្តធ្វើឱ្យមានភាពរីកចម្រើនប្រឆាំងនឹងជំងឺរាតត្បាតគឺជារឿងសំខាន់បំផុតដែលយើងអាចធ្វើបាន»។
លោកស្រីបន្តទៀតថា៖ «យើងអនុម័តផែនការសង្គ្រោះប្រជាជនអាមេរិក ហើយភាពអត់ការងារធ្វើក៏ធ្លាក់ចុះស្ទើរតែពី ១៥ ភាគរយមកនៅក្រោម ៥ ភាគរយឥឡូវនេះ។ ជនជាតិអាមេរិកមានទំនុកចិត្តលើទីផ្សារការងារ។ ពួកគេមើលឃើញការដំឡើងប្រាក់ឈ្នួល។ វាពិតជាឆ្លុះបញ្ចាំងពីការគាំទ្រដែលយើងផ្តល់ដល់ប្រជាជនអាមេរិក ដើម្បីបន្តការចំណាយរបស់ពួកគេ និងធ្វើឱ្យឆ្លងផុតជំងឺរាតត្បាត»។
ប៉ុន្តែលោក Jason Furman សេដ្ឋវិទូនៅសាលា Harvard Kennedy និងជាអតីតទីប្រឹក្សាសេដ្ឋកិច្ចកំពូលនៅក្នុងរដ្ឋបាលលោក អូបាម៉ា និយាយថា គោលនយោបាយខុសឆ្គងដើរតួនាទីមួយក្នុងវិបត្តិអតិផរណា ដោយអ្នកបង្កើតគោលនយោបាយមើលស្រាលអតិផរណាជាប្រព័ន្ធ។
លោក Furman បន្តថា ការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់របស់រដ្ឋាភិបាល រួមទាំងកញ្ចប់ជំនួយសង្គ្រោះកូវីដ-១៩ របស់លោក Biden ជាមួយនឹងផ្ដល់ប្រាក់ ១ ៤០០ ដុល្លារដល់គ្រួសារភាគច្រើននៅក្នុងខែមីនា ជំរុញសេដ្ឋកិច្ចខ្លាំងពេក ដែលជាបញ្ហាមួយ។
ចំណែកឯលោក Deese វិញ ហៅកំណើនអតិផរណាថាគ្រាន់តែជា «បណ្តោះអាសន្ន»។ លោកនិយាយក្នុងកម្មវិធី Meet the Press របស់ទូរទស្សន៍ NBC ថា៖ «ដោយសារតែសកម្មភាពដែលប្រធានាធិបតីអនុវត្ត ឥឡូវនេះយើងកំពុងឃើញពីការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច ដែលមនុស្សភាគច្រើនមិននឹកស្មានថាអាចធ្វើទៅបាន»។
លោកបន្តថា៖ «ប្រសិនបើអ្នកក្រឡេកមើលការកើនឡើងប្រាក់ឈ្នួលដ៏រឹងមាំ រួមផ្សំនឹងការឧបត្ថម្ភដោយផ្ទាល់ដែលយើងផ្តល់ដល់គ្រួសារ និងឥណទានពន្ធកុមារ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានសម្រាប់គ្រួសារធម្មតាគឺកើនឡើងប្រហែល ២ ភាគរយទោះបីជាអ្នកគិតទាំងអតិផរណាក៏ដោយ»។
លោក Deese បន្ថែមថា៖ «វាមិនបន្ថយការខកចិត្តនៅពេលដែលនរណាម្នាក់ទៅស្ថានីយ៍ប្រេងឥន្ធនៈហើយឃើញតម្លៃប្រេងកើនឡើងនោះទេ។ ប៉ុន្តែវាមានន័យថា យើងមានជំហរល្អក្នុងការព្យាយាមដោះស្រាយបញ្ហាប្រឈមទាំងនេះទៅមុខ»។
យ៉ាងណាមិញ បើទោះមានការផ្ញើសារបែបសុទិដ្ឋិនិយមទាំងនេះក្ដី ការរិះគន់ក៏មានព្រោងព្រាត។ សមាជិកគណបក្សសាធារណរដ្ឋដូចជាព្រឹទ្ធសមាជិករដ្ឋ Florida លោក Marco Rubio នៅតែបន្តបន្ទោសលោក Biden ជុំវិញបញ្ហានេះ ខណៈលោក Robert Reich អតីតលេខាធិការការងាររបស់សហរដ្ឋអាមេរិកនិយាយកាលពីសប្ដាហ៍នេះថា កង្វះបទប្បញ្ញត្តិអនុញ្ញាតឱ្យក្រុមហ៊ុនធំៗបន្តដំឡើងថ្លៃ។
លោក Reich និយាយថា៖ «ពួកគេមានអំណាចទីផ្សារច្រើន ពួកគេអាចដំឡើងថ្លៃដោយនិទណ្ឌភាព។ បញ្ហាជាមូលដ្ឋានមិនមែនជាអតិផរណាទេ វាជាការខ្វះការប្រកួតប្រជែង។ សាជីវកម្មកំពុងប្រើលេសនៃអតិផរណាដើម្បីបង្កើនតម្លៃ និងធ្វើឱ្យប្រាក់ចំណេញរបស់ខ្លួនកាន់តែកើនឡើង»។
លោកបន្តថា៖ «អតិផរណាតម្លៃគឺជារោគសញ្ញាមួយ គឺការកើនឡើងនៃការបង្រួបបង្រួមនៃសេដ្ឋកិច្ចនៅក្នុងសាជីវកម្មធំមួយចំនួន។ បញ្ហារចនាសម្ព័ន្ធនេះ គឺអាចទទួលយកបានចំពោះរឿងមួយប៉ុណ្ណោះ គឺការប្រើប្រាស់យ៉ាងចាស់ដៃនៃច្បាប់ដែលលើកកម្ពស់ការប្រកួតប្រជែង»។
យ៉ាងណាមិញ លោក Deese និយាយលើកញ្ចក់ទូរទស្សន៍ CNN ថា លោក Biden បើកចំហរក្នុងការស្វែងយល់ពីបញ្ហានេះ។ លោកបន្តថា៖ «មានការព្រួយបារម្ភពិតប្រាកដនៃការឡើងថ្លៃ ឬការកេងប្រវ័ញ្ចទីផ្សារដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់។ ដូច្នេះយើងស្នើឱ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធពិនិត្យមើលឱ្យបានដិតដល់អំពីរឿងនេះ»។

ប្រភព៖ The Guardian