សភាថៃនឹងពិភាក្សាលើ សំណើរបស់ក្រុមសង្គមស៊ីវិលក្នុងការ រំលាយព្រឹទ្ធសភាចោល
សេចក្ដីព្រាងនៃវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ របស់ថៃ ត្រូវបានស្នើដោយក្រុមសង្គមស៊ីវិលមួយ នឹងលើកយកមកពិភាក្សាក្នុងដំណាក់កាលទីមួយនៅក្នុងសភាថៃនៅថ្ងៃអង្គារខាងមុខ។
សេចក្ដីព្រាងនេះត្រូវបានដាក់ដោយលោក Parit Wacharasindhu ជាសមាជិកគណបក្សប្រជាធិបតេយ្យថៃ ជាមួយនឹងការគាំទ្រដោយប្រជាជនថៃចំនួន ១៣៥ ០០០នាក់ ហើយខ្លឹមសារភាគច្រើនគឺសំដៅលើការកែទម្រង់នូវប្រព័ន្ធ និងស្ថាប័នថៃ ដែលនៅសេសសល់ដោយរដ្ឋប្រហារឆ្នាំ២០១៤ ដោយក្នុងនោះដែរ ក៏មានការរំលាយស្ថាប័នព្រឹទ្ធសភាថៃផងដែរ។
សមាជិកព្រឹទ្ធសភាថៃ ដែលសរុបមានចំនួន ២៥០រូបត្រូវបានតែងតាំងដោយផ្ទាល់ដោយព្រះមហាក្សត្រថៃ កាលពីឆ្នាំ២០១៩កន្លងទៅ ដោយភាគច្រើនជាមន្ត្រីជាន់ខ្ពស់យោធា និងប៉ូលិស។
ជាមួយគ្នានេះដែរ ក្រៅពីរំលាយព្រឹទ្ធសភា សំណើនៃក្រុមសង្គមស៊ីវិលនេះមានបំណងក្នុងការបង្កើន និងពង្រឹងតួនាទីសមាជិករដ្ឋសភាថៃ។
សំណើនេះនឹងធ្វើការពិភាក្សាក្រោមទម្រង់រួមគ្នាមួយរវាង រដ្ឋសភា និងព្រឹទ្ធសភា។ យ៉ាងណាមិញ មានអ្នកវិភាគនយោបាយថៃ មួយចំនួនយល់ថា សំណើនៃសេចក្ដីព្រាងវិសោធនកម្មនេះ អាចនឹងមិនត្រូវបានអនុម័តនោះទេ។
សេចក្ដីព្រាងច្បាប់នៅថៃអាចបន្តទៅជុំបន្ទាប់ទៀតបាន លុះត្រាតែនៅក្នុងជុំទីមួយនេះ មានការគាំទ្រពីសមាជិកព្រឹទ្ធសភាចំនួន ១ ភាគ ៣ ឬ ស្មើនឹង ៨៤រូប និងត្រូវការគាំទ្រពីសំណាក់តំណាងរាស្ត្រគណបក្សប្រឆាំងចំនួន ២០% ឬ ប្រមាណ ៤៣រូប៕

ប្រភព៖ Bangkok Post