ស៊ី ជីនភីង និងចូ បៃដិន នឹងជួបគ្នាតាមប្រព័ន្ធវីដេអូ តែមិនសូវជាសង្ឃឹមថាផ្ដល់លទ្ធផលផ្លែផ្កានោះទេ

ប្រធានាធិបតី​ចិន លោក ស៊ី ជីនភីង និង​ ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃដិន នឹង​ពិភាក្សា​​គ្នា​ទ្វេភាគី​តាម​ប្រព័ន្ធ​វីដេអូ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​អង្គារ​នេះ បើ​គិត​តាម​ម៉ោង​នៅ​ប្រទេស​ចិន ឬ នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ បើ​គិត​តាម​ម៉ោង​សហរដ្ឋអាមេរិក។

តាម​ពិត​ទៅ​ប្រធានាធិបតី​នៃ​មហាអំណាច​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ ២លើក​មក​ហើយ ដោយ​លើក​ទី១ នៅ​ខែ​កុម្ភៈ និង​លើក​ទី២ នៅ​ខែ​កញ្ញាឆ្នាំ​នេះ​។ ជាមួយ​គ្នា​នេះ​ដែរ គេ​ក៏​សង្កេតឃើញ​មាន​​វត្តមាន​មេដឹកនាំ​ទាំង​ពីរ​នៅ​កញ្ចក់​ទូរទស្សន៍​កិច្ចប្រជុំ​ពហុភាគី​នានា​ដែរ​ដូច​ជា​ក្នុង​កិច្ចប្រជុំ​នៃ​អង្គការ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក (APEC) ជា​ដើម។

លោក ស៊ី ធ្លាប់​តែ​មាន​កាលវិភាគ​ទៅ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​ញឹកញាប់ កាល​ពី​មុន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ តែ​បន្ទាប់​ពី​កូវីដ​ផ្ទុះ​មក លោក​ខាន​ចេញ​ពីប្រទេស​​​​ចិន ជាង​ ២ឆ្នាំ​មក​ហើយ។ ចំណែក​ឯ​លោក​ ចូ បៃដិន វិញ តាំង​ពី​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​មក លោក​បាន​ហោះហើរ​ទៅ​កាន់ប្រទេស​នៅ​ទ្វីប​​អឺរ៉ុប​ហាក់​បី​ដូច​ជា​ញឹកញាប់​ ក្នុង​គោល​បំណង​រឹត​ចំណង​ស្មារតី​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក។

ដើម​ឡើយ​ថ្នាក់ដឹកនាំ​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា អាច​នឹង​ជួប​គ្នា​ដោយ​ផ្ទាល់​ក្នុង​កិច្ចប្រជុំ​ក្រៅ​ឆាក​នៃ​កិច្ច​ប្រជុំ​កំពូល​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ ២០ ដែល​ហៅ​កាត់​ថា G-20 ​ធ្វើ​ឡើង​នៅ​ទីក្រុង​រ៉ូម​ប្រទេស​អ៊ីតាលី ឬ កិច្ច​ប្រជុំ​បម្រែបម្រួល​អាកាសធាតុ COP26 ដែល​ធ្វើ​ឡើង​នៅ​ស្កុតឡែន​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ​ជា​ដើម។ យ៉ាងណាមិញ សម្រេច​សម្រួល​ចុង​ក្រោយ មេ​ដឹកនាំ​ទាំង​ពីរ​បាន​ត្រឹម​តែ​ជួប​គ្នា​តាម​ប្រព័ន្ធ​វីដេអូ​ដដែល។

កិច្ចប្រជុំ​រវាង​មេ​ដឹកនាំ​ទាំង​ពីរ ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ ក្រោយ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក និង​ចិន​បាន​ទូរស័ព្ទ​ជួប​គ្នា​ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

នៅ​ពេល​នោះ​ដែរ ទាំង​ខាង​អាមេរិក និង​ខាង​ចិន​​បាន​ឱ្យ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ប្រជុំ​រវាង​លោក បៃដិន និង​លោក ស៊ី។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​ចុះ​ផ្សាយ​ថា៖ «កិច្ចប្រជុំ​នេះ [ប្រជុំ​រវាង​លោក បៃដិន និង​លោក ស៊ី] ជា​ឱកាស​មួយ​សម្រាប់​មេដឹកនាំ​ទាំង​ពីរ​ពិភាក្សា​អំពី​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​ការ​ប្រកួត​ប្រជែង​រវាង​អាមេរិក និង​ចិន ខណៈ​ពេល​ដែល​ស្វែង​រក​វិស័យ​ណា​មួយ ដែល​ប្រទេស​ទាំង​មាន​ផលប្រយោជន៍​រួម»។

ចំណែក​ឯ​ខាង​ចិន​វិញ​យល់​ថា ពិភពលោក​នឹង​តាម​ដាន​ទៅ​លើ​កិច្ច​ប្រជុំ​នេះ ហើយ​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​ទាំង​ពីរ​មិន​ត្រឹម​តែ​ផ្ដល់​ប្រយោជន៍​ទៅ​កាន់​អាមេរិក និង​ចិននោះ​​ទេ តែ​ថែម​ទាំង​ជា​វិភាគទាន​មួយ​សម្រាប់​ទំនាក់ទំនង​អន្តរជាតិ​ទៀត​ផង។

យោង​តាម​សារព័ត៌មាន​នៃ​ភាគី​ទាំង​សងខាង​បាន​កត់​សម្គាល់​ថា ប្រធានបទ​ដែល​ប្រធានាធិបតី​ទាំង​ពីរ​នឹង​លើក​យក​មក​ពិភាក្សា​មាន​ចាប់​តាំង​ពី​បញ្ហា​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ រហូត​ដល់​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ដូច​ជា​ រឿង​សមុទ្រ​ចិន​ខាង​ត្បូង​។ បញ្ហា​តៃវ៉ាន់​ក៏​នឹង​លើក​មក​និយាយ​ផង​ដែរ​។

ទោះ​បី​ជា​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​និយាយ​ពាក្យ​ល្អៗ ប្រកប​ជាមួយ​សុទិដ្ឋិនិយម ក៏​មន្ត្រី​រដ្ឋការ និង​អ្នក​ជំនាញ​មក​ពី​ប្រទេស​ទាំង​ពីរ​មិន​សូវ​សង្ឃឹម​ថា កិច្ចប្រជុំ​នេះ​នឹង​ផ្ដល់​ជា​ផ្លែផ្កា​នោះ​ទេ។

មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​នៃ​រដ្ឋការ​លោក​ ចូ បៃដិន បាន​លើកឡើង​ក្នុង​លក្ខខណ្ឌ​អនាមិក​ថា៖ «កិច្ចប្រជុំ​នេះ​មិន​មែន​ប្រជុំ​ ដើម្បី​សម្រេច​លទ្ធផល​អ្វី​ឱ្យ​ពិត​ប្រាកដ​នោះ​ទេ»។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន CNBC របស់​អាមេរិក។

«ប្រជុំ​នេះ​គឺ​ជា​ការ​កំណត់​លក្ខខណ្ឌ​ ក្នុង​ការ​​ប្រកួត​ប្រជែង​ [រវាង​ចិន និង​អាមេរិក] ប្រកប​ដោយ​ប្រសិទ្ធ​ភាព ដែល​យើង [សំដៅ​លើ​អាមេរិក] អាច​មាន​គោលជំហរ​ក្នុង​ការ​ការពារ​គុណតម្លៃ និង​ផលប្រយោជន៍​របស់​យើង និង​សម្ព័ន្ធមិត្ត​របស់​យើង ក៏​ដូច​ជា​ដៃ​គូ​នានា»។ នេះ​បើ​តាម​ការ​បន្ថែម​របស់​មន្ត្រី​រូប​នោះ ហើយ​លោក​ក៏​បន្ត​ថា ប្រសិន​បើ​លក្ខខណ្ឌ​ទាំង​នេះ​អាច​កំណត់​បាន នោះ​អាមេរិក និង​ចិន​អាច​រក្សា​ស្ថានភាព​បច្ចុប្បន្ន ដែល​មាន​ការ​ប្រកួត​ប្រជែង​នឹង​គ្នា។

ចំណែក​ឯ​សារព័ត៌មាន Global Times ដែល​ជា​សារព័ត៌មាន​ជា​ភាសា​អង់គ្លេស​ ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​កុម្មុយនិស្ត​ចិន បាន​ចុះ​ផ្សាយ​ថា បញ្ហា​តៃវ៉ាន់​នឹង​ជា​របៀប​វារៈ​កំពូល​នៃ​ជំនួប​រវាង​លោក ស៊ី និង​លោក​ បៃដិន។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​វិភាគ​នៅ​ក្នុង​សារព័ត៌មាន​នេះ​ក៏​យល់​ដូច​ខាង​អាមេរិក​ដែរ​ថា កិច្ចប្រជុំ​នេះ​នឹង​មិន​ផ្ដល់​ជា​លទ្ធផល​ដុំ​កំភួន ឬ ក៏​មាន​កុងសង់ស៊ីស​ត្រង់​ចំណុច​ណា​មួយ​ទេ តែ​ជំនួប​នេះ​ជា​ការ​បើក​ផ្លូវ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ទាំង​ពីរ​នា​ពេល​អនាគត៕

ប្រភព៖ SCMP

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner