នារីម្នាក់បេីករថយន្តបុកក្បាលរបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យក្រឡាប់ផ្ងារជេីងរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ នារីម្នាក់បេីករថយន្តម៉ាក PORSCHE មួយគ្រឿងបោះពួយយ៉ាងលឿន ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់២កង់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ញារជេីងម្ខាង រងការខូចខាតស្ទេីរតែទាំងស្រុង តែម្ចាស់រថយន្តគ្រាន់តែរបួសតិចតួចតែប៉ុណ្ណោះ ។ ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោង ៣និង៣០នាទីទាបភ្លឺឈានចូលថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវម៉ៅសេទុង នៅចំណុចកែងនិងផ្លូវ ១៩៣ ស្ថិតក្នុងសង្កាត់ទួលស្វាយ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញនារីរូបស្រស់ម្នាក់បេីករថយន្តមួយគ្រឿងម៉ាក PORSCHE ពណ៌ស គ្មានស្លាកលេខ ទំនងជាស្រវឹងស្រា បោះពួយយ៉ាងលឿនតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់ចំណុចកេីតហេតុខាងលេី ស្រាប់តែរេចង្កូតបុក និងក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់២កង់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជេីងម្ខាង រងការខូចខាតតែទាំងស្រុង សំណាងល្អម្ចាស់រថយន្តគ្រាន់តែរងរបួសតិចតួច ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ក៏បានទាក់ទង ទៅជំនាញចរាចរណ៍ ចុះមកស្ទូចយករថយន្តទៅរក្សាទុក រងចាំដោះស្រាយតាមច្បាប់ ៕ធ.ដ

