កិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យអ៊ុទូក និងផ្សព្វផ្សាយគោលការដឹកនាំរបស់ស្នងការនគរបាលរាជធានីភ្នំពេញ
ភ្នំពេញ ៖ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យអ៊ុទូក អកអំបុក សំពះព្រះខែ ដែលមានរយៈពេល០៣ថ្ងៃ និងផ្សព្វផ្សាយខ្លឹមសារគោលការណ៍ដឹកនាំរបស់ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្តីការពង្រឹងត្រួតពិនិត្យលើកិច្ចការងារចាំបាច់មួយចំនួនជូនមន្រ្តីនគរបាលរាជធានីភ្នំពេញយកទៅអនុវត្តការងារនៅក្នុងអង្គភាពឱ្យកាន់តែមានប្រសិទ្ធភាព ។កិច្ចប្រជុំបានធ្វើឡើងរសៀលនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមវត្តមានលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងមានការចូលរួមពីលោកលោកស្រីអធិការរង លោកនាយ នាយរងផ្នែកជំនាញនិងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១សង្កាត់។
លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានលើកឡើងក្នុងកិច្ចប្រជុំដោយជំរុញកម្លាំងនគរបាលក្រោមឱវាទគ្រប់ផ្នែកនិងគ្រប់ជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវប្រឹងប្រែងបំពេញភារកិច្ចពង្រឹងការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ឱ្យបានល្អបំផុត ដើម្បីនាំមកនូវសុខសុវត្ថិភាពឱ្យបានគ្រប់គ្រាន់ជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិដើរមកលេងកម្សាន្តសប្បាយរីករាយនៅថ្ងៃឈប់សម្រាកនៃពិធីបុណ្យអ៊ុទូក អកអំបុក សំពះព្រះខែ រយៈពេល០៣ថ្ងៃគឺចាប់ពីថ្ងៃទី១៨,១៩និងថ្ងៃទី២០ ខែវិច្ឆិកា នៅក្នុងភូមិសាស្រ្តខណ្ឌដូនពេញ ។
លោកអធិការបានលើកឡើងទៀតថា កិច្ចការងារការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋាន ទាមទារឱ្យកងកម្លាំងទាំងអស់ត្រូវមានការសហការគ្នាឱ្យបានល្អគ្រប់ជ្រុងជ្រោយ ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទឱ្យទាន់ពេលវេលា។ជាងនេះថែមទៀត គឺប្រើប្រាស់កម្លាំងល្បាតជាប្រចាំជាមធ្យោបាយម៉ូតូរឺរថយន្ត ដែលមានការដាក់វេនគ្នាចេញល្បាតទៅតាមផែនការដែលបានបែងចែងតាមមុខព្រួញការងារទទួលខុសត្រូវរៀងៗខ្លួន។
ក្នុងកិច្ចប្រជុំនេះផងដែរ លោកវរសេនីយ៍ឯក ទៀងច័ន្ទសារ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ក៏បានផ្សព្វផ្សាយខ្លឹមសារគោលការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ជូនដល់មន្រ្តីនគរបាលខណ្ឌដូនពេញ ដើម្បីយកខ្លឹមសារទាំងនោះទៅអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនឱ្យចំទិសដៅការងារដែលថ្នាក់លើបានដាក់ចេញឱ្យអនុវត្តទៅតាមផ្នែកនីមួយៗឱ្យមានគុណភាពនិង ប្រសិទ្ធភាពខ្ពស់។ សូមបញ្ជាក់ថាក្នុងកិច្ចប្រជុំនោះផងដែរ ក៏មានការផ្សព្វផ្សាយពង្រឹងលើការងារ ភូមិ ឃុំ មានសុវត្តិភាព ពង្រឹងក្រុមការងារប្រតិកម្មរហ័សរបស់អធិការដ្នាននគរបាលខណ្ឌដូនពេញ ផងដែរ៕ ដោយ / គ្រី សម្បត្តិ






